ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាស់ជាមួយសមាជិក សមាជិកា ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ចំនួន៣ខណ្ឌ គឺខណ្ឌឬស្សីកែវ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ចំនួនជាង១០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីការកោតសរសើរ ចំពោះក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ សង្កាត់ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការជួយប្រជាពលរដ្ឋ ដែលបានធ្វើអោយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូត ក្នុងការបោះឆ្នោត ហើយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី២៦ ឧសភា ខាងមុខនេះ សមាជិក សមាជិកា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះបន្តទៀត។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា តួនាទីរបស់យើង គឺត្រូវមើលថែគ្នា ដោយគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារ មានទុក្ខ គឺត្រូវតែជួយគ្នា យើងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះគ្នា។ អ្វីដែលសំខាន់ គឺក្តាប់ព័ត៌មានឲ្យបានច្បាស់ មានបញ្ហាអ្វីយើងអាចជួយគ្នាបានទាន់ពេល។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រថយន្តខូចអាចទុកចោលបាន តែមនុស្សឈឺហើយ គឺមិនអាចទុកចោលនោះទេ ត្រូវតែជួយសង្គ្រោះឲ្យបានទាន់ពេលវេលា បើអញ្ចឹងទេ នឹងអាចស្លាប់បាន។
ឯកឧត្តមបានបន្តថា បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ខ្វះលទ្ធភាពក្នុងការព្យាបាល ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ ដើម្បីរិះរកវិធីដោះស្រាយ ឬសង្គ្រោះឲ្យបានទាន់ពេលវេលា។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការបោះឆ្នោតព្រឹទ្ធសភា យើងទទួលបានជោគជ័យ ដោយគណបក្សផ្សេង គេក៏បោះឆ្នោតឲ្យយើងដែរ នោះដោយសារគេគោរពស្រលាញ់ ពីការដឹកនាំប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុន សែន ល្អធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើនជឿនលឿន ៕