ទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ សន្និសីទលើកទី១នេះ គឺជាជំហានដ៏ចាំបាច់មុតមាំឈានទៅសម្រេចបាននូវទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា។
ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដោយក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នង និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់ បាននាំឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីពឹងគ្មាន។ ក្នុងន័យនេះ វិធីសាស្ត្រប្រសើរបំផុត ដើម្បីប្រែក្លាយអតីតកាលរបស់ខ្លួន និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀត នោះគឺ ការយកចិត្តទុកដាក់ចំពោះប្រជាជន ដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា គឺជាទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១ ។
ថ្លែងក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជួបគ្នាថ្ងៃនេះ ជាការបង្ហាញនូវការទទួលស្គាល់ចំពោះតួនាទីរបស់សាលាក្តីខ្មែរក្រហម។ ការរៀបចំសន្និសីទចំពោះថ្ងៃនៃទិវាចងចាំ មិនមែនជារឿងចៃដន្យនោះទេ។ ការចងចាំនូវអំពើប្រល័យពូជសាសន៍ ជាការដាស់ស្មារតីដល់ប្រជាជាតិខ្មែររួមគ្នាទប់ស្កាត់អំពើនេះ កុំឱ្យត្រឡប់មកវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃទី៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ ពីរបបប្រល័យពូជសាសន៍។ សម្តេចថា ការឯកភាពគ្នាក្នុងការចងក្រងឯកសារពាក់ព័ន្ធនឹង របបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ។ សម្តេចថ្លែងថា ការស្វែងរកយុត្តិធម៌ដែលមានការទទួលស្គាល់ជាអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រវត្តិសាស្ត្ររួម នៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ។
សម្តេចធិបតីថ្លែងទៀតថា ឈរលើមូលដ្ឋាននៃយុត្តិធម៌ សង្គមទាំងមូលត្រូវតែបន្តក្រើនរំលឹកជានិច្ចអំពី ឫសគល់នៃសោកនាដកម្មពីអតីតកាល ដើម្បីអនុញ្ញាតឱ្យបទពិសោធន៍ដ៏លំបាកបំផុតពីអតីតកាល អាចចូលរួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត។ សង្គមត្រូវតែក្រើនរំលឹកជាដរាបអំពីមេរៀនទាំងឡាយ ដើម្បីធានាថា កម្ពុជា មិនដើរលើផ្លូវដដែលនោះទេ។ លើសពីនេះ ត្រូវតែកែសម្រួល ឬ សម្របស្ថានភាព សង្គម, នៅពេលណាដែលចាំបាច់, ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ ផ្តើមកកើត និងចាក់ឫសក្នុងសង្គមកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ តាមរយៈការជំរុញការតស៊ូវណ្ណៈ ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ ការផ្លាស់ប្ដូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និង ការរើសអើងពូជសាសន៍។ សម្តេចថា កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និង ជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា។ នេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និង យុត្តិធម៌សង្គម ដើម្បីធានានូវបរិយាប័ន្នភាព នៅក្នុងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាការអភិវឌ្ឍ
ជាតិ។
សម្តេចធិបតី ថ្លែងថា យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ យើងត្រូវបន្តនិយាយរឿងទាំងនេះពីមួយជំនាន់ទៅមួយជំនាន់ទៀត ទោះបីជាការនិយាយរឿងទាំងនេះ បង្កឱ្យមានការឈឺចាប់ក៏ដោយ។ នេះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នកដែលធ្លាប់បានឆ្លងកាត់ប៉ុណ្ណោះ ទើបអាចរៀបរាប់ពី បទពិសោធន៍របស់ពួកគេបានល្អបំផុត។
សម្តេចថា ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្ត្រខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ ត្រូវតែការពារសន្តិភាពឱ្យបាន។ នៅពេលមានសង្គ្រាមកើតឡើងហើយ គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយលទ្ធិប្រជាធិបតេយ្យ ៕