ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូ ទេសចរណ៍ Siem Reap Bike Week ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤-២៦ ឧសភា
ភ្នំពេញ៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចសហការជាមួយក្រុមការងារក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូ ទេសចរណ៍ Siem Reap Bike Week ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ក្រុមការងារអាកាសយានដ្ឋាន អន្តរជាតិ សៀមរាបអង្គរ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្តសៀមរាប មន្ទីរព័ត៌មានខេត្តសៀមរាប មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងមន្ទីរសុខាភិបាល ខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
កាតរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូ ទេសចរណ៍ Siem Reap Bike Week ក្នុងខេត្តសៀមរាបនេះ ក្រសួងទេសចរណ៍បានសហការជាមួយអង្គការសប្បុរសធម៌ហ្វិចឆឺរ៉ាល់ ក្រុមហ៊ុន Clip RV Media និងSalakamreuk Commune រៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week ដែលប្រមូលផ្តុំម៉ូតូល្បីៗដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណអាកាសយានដ្ឋានចាស់ ខេត្តសៀមរាប អមជាមួយនឹងសកម្មភាពដូចជា ការប្រគុំតន្ត្រី ស្តង់អាហារ និងកម្មវិធីផ្សេងៗជាច្រើនទៀត។
ព្រឹត្តិការណ៍នេះ ជាឱកាសដ៏ល្អក្នុងការជំរុញបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ និងផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១” និងជាការជំរុញទេសចរណ៍ ក្នុងស្រុកក៏ដូចជារួមចំណែកជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួង ទេសចរណ៍៕