ឯកឧត្តម ប៊ិន ត្រឈៃ ដឹកនាំកិច្ចប្រជុំជាមួយលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងផែនការ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (គ.អ.ផ.យ.អ.ជ.) បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយលេខាធិការដ្ឋាននៃ គ.អ.ផ.យ.អ.ជ. និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងផែនការ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីបន្តពិនិត្យ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការទទួលយកធាតុចូលសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ២០២៤-២០២៨ (ផ.យ.អ.ជ.)។
សមាសភាពចូលរួម រួមមានសមាជិក សមាជិកានៃលេខាធិការនៃ គ.អ.ផ.យ.អ.ជ., តំណាង៖ (១)ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (២)ក្រសួងធម្មការ និងសាសនា (៣)រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (៤)រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (៥)គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង (៦)គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា៕