អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាសាលសន្និសីទអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី៖ ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ជូនដល់មន្រ្តី-បុគ្គលិក មកពីនាយកដ្ឋាននានា សរុបចំនួន១០០នាក់។
សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ យល់ដឹងពីសកម្មភាពរបស់នាយកដ្ឋាននីមួយៗ ឈ្វេងយល់ និងចូលរួមការពារបរិស្ថាន ក្នុងតំបន់អង្គរ។
ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងសិក្ខាសាលា នាឱកាសនោះថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់យ៉ាងខ្លំាង ចំពោះការងារគ្រប់គ្រងបរិស្ថាន នៅក្នុងតំបន់អង្គរ ជាពិសេសអនុវត្តនូវគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ ដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញ រួមមាន៖ កិច្ចការថែរក្សាទេសភាព វប្បធម៌ បរិស្ថាន និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ការអនុវត្តច្បាប់ និងជំរុញការកែលម្អ ដោយផ្អែកតាមគោលនយោបាយនានាជាដើម។
ឯកឧត្តម បានជំរុញណែនាំដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់សិក្សា ស្តាប់ការធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលានេះ ដើម្បីទទួលបានបទពិសោធន៍ល្អៗយកទៅអនុវត្តន៍ ក្នុងការងារប្រចាំថ្ងៃ។
សូមបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា តែងតែបានរៀបចំសិក្ខាសាលាស្តីពី៖ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិកជាទៀងទាត់៤ដងក្នុងមួយឆ្នាំ។ ដើម្បីឱ្យមន្រ្តី-បុគ្គលិកគ្រប់ៗរូបបានចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីជួយថែរក្សា ការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕