សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសុខចិត្តឲ្យតុលាការកូនកាត់បរាជ័យ តែមិនឲ្យប្រទេសខ្ញុំកើតសង្គ្រាមទេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ធ្លាបបានបញ្ជាក់ប្រាប់លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិថា សម្ដេចសុខចិត្តឱ្យតុលាការកូនកាត់ ដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបរាជ័យ តែសម្ដេចមិនសុខចិត្តឱ្យកម្ពុជាមានសង្គ្រាមឡើងវិញនោះទេ ។
ក្នុងឱកាសអញ្ជើញបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២២ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ រម្លឹកពីដំណើរទស្សនកិច្ចរបស់លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានស្នើឱ្យពង្រីកការកាត់ទោស អតីតអ្នកជាប់ពាក់ព័ន្ធ នឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា។
សម្ដេចតេជោលើកឡើងថា ពេលនេះមានតែការចោទប្រកាន់ មកលើមេដឹកនាំកម្ពុជា មានសម្ដេចព្រះនរោត្ដមសីហនុ មានលោក គាត ឈន់, លោក ហោ ណាំហុង, សម្ដេច ជា ស៊ីម, សម្ដេច ហេង សំរិន, លោក អ៊ុក ប៊ុនឈឿន, លោក ស៊ឹម កា ។ សម្ដេចថា ក្រៅពីរឿងនេះ នៅមានរឿងដែលត្រូវចោទប្រកាន់ ទៅតាមលំដាប់លេខរៀងរបស់គេទៀត ដែលពាក់ព័ន្ធទៅដល់កងពល ដល់មេភូមិ មេតំបន់ មេស្រុក ពាសវាលពាសកាលពេញហ្នឹង ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា «ពេលចរចាខ្ញុំថា ឯកឧត្ដមគិតមើលទៅ កាត់ទោសមនុស្ស ២០ទៅ៣០នាក់ ថាចឹងចុះ រួចហើយស្រាប់តែសង្គ្រាមផ្ទុះឡើង ស្លាប់មនុស្សរាប់ម៉ឺននាក់ទៀត តើនរណាអ្នកទទួលខុសត្រូវ ។ គ្មាននយោបាយឈ្នះឈ្នះលើកទី២ ឯកឧត្ដម ខ្ញុំបានយកក្បាលខ្ញុំទៅដូរ ដើម្បីសន្តិភាពរបស់ប្រទេសនេះ អីចឹងខ្ញុំមិនឲ្យរបូតទេ ចឹងខ្ញុំសុខចិត្តឲ្យតុលាការកូនកាត់បរាជ័យ តែខ្ញុំមិនឲ្យប្រទេសខ្ញុំកើតសង្គ្រាមទេ» ៕