សម្តេចតេជោ ហ៊ុន សែន៖ សាលាក្តីខ្មែរក្រហម និងការជំនុំជម្រះមេដឹកនាំខ្មែរក្រហម ជាការផ្តល់យុត្តិធម៌ មួយជូនពលរដ្ឋកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានថ្លែងថា សាលាក្តីខ្មែរក្រហម និងការជំនុំជម្រះមេដឹកនាំខ្មែរក្រហម គឺជាការផ្តល់យុត្តិធម៌មួយជូនពលរដ្ឋកម្ពុជា ហើយសម្តេច និងពលរដ្ឋខ្មែរ បានរង់ចាំរហូតដល់ទៅ៤៣ឆ្នាំ។
ថ្លែងក្នុងសន្និសីទស្ដីពីអនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សាលក្រមរបស់សាលាក្តីខ្មែរក្រហម បានបញ្ចប់ល្បែងផលបូកស្មើសូន្យ ហើយទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ផលបូកស្មើសូន្យ ព្រោះអង្គការសហប្រជាជាតិ ថ្កោលទោសភាពឃោរឃៅរបស់ខ្មែរក្រហម តែក៏ថ្កោលទោសអ្នកផ្តួលរំលំខ្មែរក្រហម។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសជនទាំងឡាយណា ដែលនិយាយថាកម្ពុជាមិនមានអំពើប្រល័យពូជសាសន៍។ ការតាក់តែងច្បាប់នេះ មិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ តែជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងទ័ពរំដោះវៀតណាម ដែលបានរួមចំណែកជួយផ្តួលរំលំរបបប្រល័យពូជសាសន៍នៅកម្ពុជា និងថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានគាំទ្រដល់ដំណើរការសាលាក្តីខ្មែរក្រហម ស្វែងរកយុត្តិធម៌ជូនពលរដ្ឋកម្ពុជា ៕