ប្រធានស.ស.យ.ក. ៖ ទោះបីយើងមានតួនាទី ភារកិច្ច និងក្តីស្រមៃខុសៗគ្នា តែវាទាមទារឱ្យយើងមានទស្សនៈឯកភាពជាតិមួយ ដែលបង្ហាញពីការរួបរួមគ្នាក្នុងនាមជាសញ្ជាតិមួយ
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
អញ្ជើញអមដំណើរឯកឧត្តមប្រធាន និងមានវត្តមានក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណៈដឹកនាំចលនាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសមាជិក សមាជិកាចូលរួម ចំនួន ៤៧៨ នាក់។
យោងតាមរបាយការណ៍ លោក ដោក ជា សាកលវិទ្យាធិការ និងជាប្រធានក្រុមការងារ ស.ស.យ.ក. ប្រចាំវិទ្យាស្ថាន បានគូសបញ្ជាក់ពីសកម្មភាពសង្ខេប និងលទ្ធផលសំខាន់ៗ របស់ក្រុមការងារស.ស.យ.ក. ប្រចាំវិទ្យាស្ថាន ពាក់ព័ន្ធនឹងការបញ្ចូលសមាជិក សកម្មភាពចូលរួមការងារសង្គម និងការបង្កើនសមត្ថភាពយុវជនក្នុងការចូលរួមជាមួយការងារស្ម័គ្រចិត្ត និងមនុស្សធម៌។
ជាមួយគ្នានេះ លោក សាកលវិទ្យាធិការ តំណាងឱ្យសមាជិក សមាជិកា បានធ្វើការប្តេជ្ញាចូលរួមជាមួយ ស.ស.យ.ក. ដើម្បីក្លាយខ្លួនជាសសរទ្រូងប្រទេសជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា នេះគឺជាលើកទីមួយហើយដែលបានជួបជុំគ្នា ក្នុងនាមជាក្រុមគ្រួសារ ស.ស.យ.ក. តែមួយ ឯកសណ្ឋានតែមួយ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលយើងនឹងរួមគ្នាសម្រេចនូវបេសកកម្ម និង បុព្វហេតុស.ស.យ.ក.។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានចែករំលែកជូនសមាជិកសមាជិកាទាំងអស់អំពីបុព្វហេតុនៃការចូលរួមកិច្ចការសង្គម ដើម្បីប្រទេសជាតិ។
ឯកឧត្តមបន្តថា ទោះបីយើងមានតួនាទី ភារកិច្ច និងក្តីស្រមៃខុសៗគ្នា តែវាទាមទារឱ្យយើងមានទស្សនៈឯកភាពជាតិមួយ ដែលបង្ហាញពីការរួបរួមគ្នាក្នុងនាមជាសញ្ជាតិមួយ។ សកម្មភាពដែលស.ស.យ.ក. បានរៀបចំកន្លងមក មិនថាការលើកស្ទួយវប្បធម៌ ប្រពៃណី ឬព្រឹត្តិការណ៍ណាមួយទេ គឺយើងបានបង្កើតឱកាសឱ្យអ្នកទាំងឡាយដែលមកពីកន្លែងផ្សេងគ្នា ឆ្ងាយពីគ្នា និងមិនដែលស្គាល់គ្នាឱ្យមកធ្វើការរួមគ្នា ដើម្បីផ្តល់ភាពវិជ្ជមានដល់សង្គមជាតិ។ តាមរយៈទំនាក់ទំនងចេញពីការងារជាមួយស.ស.យ.ក. នេះហើយ ដែលយើងអាចឈានទៅកសាងភាពសុខដុមរមនាក្នុងសង្គមឱ្យកាន់តែរឹងមាំ៕