សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនខ្លាចក្នុងការលះបង់មួយ នៃអំណាចរបស់ខ្ញុំ ដើម្បីប្ដូរយកសន្ដិភាព រយៈពេលវែង ឥឡូវលទ្ធផលចេញហើយ ការផ្ទេរអំណាច សម្រាប់អ្នកជំនាន់ក្រោយ មិនបាននាំការភ័យខ្លាច សម្រាប់ប្រជាជនកម្ពុជានោះទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ពេលនេះការលះបង់អំណាចរបស់សម្ដេច បានហុចផលយ៉ាងល្អប្រសើរ ចំពោះការផ្ទេរអំណាចនេះទៀតសោត ក៏មិនបាននាំមកនូវភាពភ័យខ្លាច ដល់ប្រជាជនកម្ពុជានោះឡើយ ។
ក្នុងឱកាសអញ្ជើញបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងត្រូវគិតគូរឲ្យបានម៉តចត់ថា ការបោះបង់ចោលអំណាចដែលខ្លួន ធ្លាប់កាន់ក្នុងរយៈពេល៣៨ឆ្នាំ ឬ៤៥ឆ្នាំក្នុងដៃ ដើម្បីដូរយកនូវសន្ដិភាព និងស្ថេរភាពរយៈពេលវែងត្រូវហ៊ានធ្វើ ព្រោះថាខ្ញុំធ្លាប់លះបង់គ្រប់ហើយ ជីវិតរបស់ខ្ញុំបានលះបង់គ្រប់សព្វបែបយ៉ាង ដើម្បីប្ដូរយកការរស់រានមានជីវិតរបស់ប្រជាជន លះបង់ដើម្បីប្ដូរយកនូវសន្ដិភាព ដើម្បីប្រជាជន»។
សម្ដេចតេជោសង្កត់ធ្ងន់ថា «ដូច្នេះខ្ញុំមិនខ្លាចក្នុងការលះបង់មួយនៃអំណាចរបស់ខ្ញុំ ដើម្បីប្ដូរយកសន្ដិភាព ក្នុងរយៈពេលវែង ឥឡូវលទ្ធផលបានចេញមកហើយ ការផ្ទេរអំណាចនេះ សម្រាប់អ្នកជំនាន់ក្រោយ មិនបាននាំមកការភ័យខ្លាច សម្រាប់ប្រជាជនកម្ពុជានោះទេ កំណើនសេដ្ឋកិច្ចក៏បន្ដមានកំណើន ជាមួយអត្រាអតិផលរណាដែលអាចគ្រប់គ្រងបាន ដូច្នេះសេចក្ដីសុខនេះប្រជាជនកម្ពុជា គ្មានការភ័យខ្លាចរត់លូន ជាមួយនឹងការផ្ទេរអំណាចនោះទេ»៕