សម្តេចតេជោ ហ៊ុន សែន រំលឹកបរទេសកុំឲ្យកសាងកំហុសលើកទី៣ មកលើកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានលើកឡើងថា រាល់ពេលជួបជាមួយមិត្តភក្តិបទេស សម្តេចតែងរំលឹកពួកគេកុំឱ្យប្រព្រឹត្តកំហុសលើកទី៣ លើប្រទេសកម្ពុជា ។
ក្នុងឱកាសអញ្ជើញបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មេរៀនពីប្រវត្តសាស្ត្រចំពោះកំហុសទាំង២ ដែលបរទេសបង្កើតឡើងលើដីកម្ពុជា បង្កជាវិនាសកម្ម គឺទី១៖ បរទេសគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេច សីហនុ រហូតឈានមានសង្គ្រាមប្រល័យពូជសាសន៍ និងទី២៖ ការគាំទ្ររបស់បរទេសដល់អាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ និងដាក់ទណ្ឌកម្មការទូតលើរដ្ឋាភិបាលស្របច្បាប់ បង្កទុក្ខលំបាកដល់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំគួរតែបញ្ជាក់ចំណុចនេះខ្ញុំតែងបានជួបជាមួយអ្នកកាទូត ឬអ្នកនយោបាយនៃប្រទេសមួយចំនួន ខ្ញុំតែងរំលឹកពួកគេថា សូមអ្នកកុំកសាងកំហុសទី៣ ព្រោះពួកអ្នកធ្លាប់បានកសាងកំហុស២លើករួចមកហើយ។ លើកទី១ ជាអ្វី? អស់លោកគិតមើលតើមានប្រទេសប៉ុន្មានទៅដែលបានគាំទ្រ លន់ នល់ ធ្វើរដ្ឋប្រហារ ក្នុងពេលដែលគេតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ គេធ្វើរដ្ឋប្រហារទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ ជារដ្ឋប្រហារយោធា ក្នុងពេលដែលគេតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ»។
សម្តេចតេជោបានថ្លែងថា បើអន្តរជាតិប្រកាន់យកឥរិយាបថដាក់ទណ្ឌកម្មលើពួករបប លន់ នល់ ដូចធ្វើដាក់របបយោធារបស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ប្រហែលជាប្រទេសកម្ពុជា មិនធ្លាក់ដល់ដៃពួកខ្មែរក្រហមកាន់កាប់អំណាចរហូតសម្លាប់អាយុជីវិតប្រជាជនស្លូតត្រង់រាប់លាននាក់នោះទេ ៕