សម្តេចតេជោ ហ៊ុន សែន៖ លើពិភពលោកនេះ មិនមានស្តង់ដារ នយោបាយតែមួយនោះទេ មានតែ២ ឬ៣ស្ដង់ដារ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា នៅលើពិភពលោកនេះ មិនមានស្តង់ដារ នយោបាយតែមួយនោះទេ មានតែ២ ឬ៣ស្ដង់ដារយ៉ាងតិច។
ក្នុងឱកាសអញ្ជើញបិទសន្និសីទ លើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «លើពិភពលោកគ្មានទេ ស្ដង់ដារតែមួយនោះ មានតែ២ ឬ៣ស្ដង់ដារ លើការជាក់ស្ដែង ក្នុងតំបន់របស់យើង អ្នកណាប្រឆាំងចិន ហ្នឹងគឺជាមិត្ដអ្នកដទៃ ឲ្យតែមាននិន្នាការ មិនស្របជាមួយចិន ដឹងតែអ្នកហ្នឹង គេរករឿងរហូត»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកណារកស៊ីច្រើន ជាមួយចិន និងជិតស្និទ្ធជាមួយចិន គឺតែងតែខុស ប៉ុន្ដែប្រទេសរបស់គេ ក៏កំពុងរកស៊ីជាមួយចិនផងដែរ។
សម្ដេចតេជោបានឲ្យដឹងថា «ប្រទេសខ្លះទៀត គេគិតណាស់ អំពីប្រជាធិបតេយ្យសេរីពហុបក្ស ក៏ប៉ុន្តែទៅទាក់ទងជាមួយប្រទេស ដែលមានបក្សតែមួយ ហើយធ្វើជាដៃគូយុទ្ធសាស្ត្រថែមទៀត»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅកាន់ អ្នកសិក្សាស្រាវជ្រាវគិតមើលថា តើនេះ ជាស្ដង់ដារមួយ ឬស្ដង់ដារច្រើន គឺមិនតិចជាង៣ស្ដង់ដារនោះទេ។
សម្តេចតេជោមានប្រសាសន៍ថា នយោបាយពិភពលោកនេះ ប្រទេសធំ តែងតែធ្វើបាបប្រទេសតូច។ ទម្លាប់នេះ ក៏ធ្វើឲ្យតាមប្រទេសនីមួយៗបក្សធំ តែងធ្វើបាបបក្សតូច៕