តុលាការសម្រេចសម្រេចឃុំខ្លួនជនត្រូវចោទ២នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ២០ឆ្នាំ ក្នុងសំណុំរឿងគ្រឿងញៀន
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្ដន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ដោយសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០,០០០,០០០រៀល ពីបទដឹកជញ្ជូន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤១០៦ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ៤៦៥ ក្រ៧ «ស» នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដោយបានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទចំនួន ០២នាក់គឺ៖
ទី១. ឈ្មោះ ចេន ហុងយេន (CHEN HONG YEN) ភេទប្រុស អាយុ៣៥ឆ្នាំនិង២. ឈ្មោះ ចេន កសាង (CHEN KAI XIANG) ភេទប្រុស អាយុ២៧ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០,០០០,០០០រៀល ពីបទដឹកជញ្ជូន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា ៤៨ កថាខណ្ឌទី១ កថាខណ្ឌទី២ និងកថាខណ្ឌទី៦ ចំណុចទី១ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
ចំពោះវត្ថុចាប់យកប្រភេទគ្រឿងញៀន និងសម្ភារពាក់ព័ន្ធនឹងបទល្មើសត្រូវបានសម្រេចរឹបអូស៕