នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស ចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើក្រុមក្មេងទំនើង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ចេញបទបញ្ជាដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែងចំពោះក្មេងទំនើង ដើម្បីធ្វើយ៉ាងណាធានាដល់សន្តិសុខសង្គម។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាពេលបច្ចុប្បន្ននេះ គឺមានក្មេងទំនើងច្រើនណាស់ ដោយបានកាន់ដាវស៊ាំម៉ារ៉ៃ តាមផ្លូវដោយ អនាធិបតេយ្យ ផងដែរ ដូច្នេះ ចាប់ពីពេលនេះ តទៅអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវចាត់វិធានការជាបន្ទាន់។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ស្ថាប័នតុលាការត្រូវអនុវត្តច្បាប់ចំពោះក្មេងទំនើងនេះ ឲ្យបានត្រឹមត្រូវ និងម៉ងចត់ផងដែរ ដើម្បីពង្រឹងនូវគុណភាពនៃការអនុវត្តច្បាប់កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ឪពុកម្តាយ និងអណាព្យាបាលទាំងអស់ គប្បីចូលរួមសហការជាមួយអាជ្ញាធរ និងត្រូវចូលរួមពង្រឹង តាមដាន និងអប់រំ កូនៗរបស់ខ្លួនឲ្យបានល្អ ដោយធ្វើយ៉ាងណាកុំបណ្តោយឲ្យពួកគេដើរលេង អនាធិបតេយ្យ និងបង្កើតបងតូច បងធំ ដែលជាការធ្វើឲ្យអសន្តិសុខសង្គមនោះ ៕