រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពី ការចូលរួមកាន់ទុក្ខព្រះបរមសពសម្តេច ទេព វង្ស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពី ការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចូលព្រះទិវង្គតនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម៩៣ព្រះវស្សា។ នៅក្នុងសេចក្តីទុក្ខដ៏ក្រៀមក្រំបំផុតនេះ រាជរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងបាននិងកំពុងរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមនិងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិនាមនិងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាសង្ឃរាជ។
ដើម្បីរៀបចំព្រះរាជពិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យសក្តិសមនឹងព្រះគុណូបការៈដ៏ធំធេងរបស់សម្តេច ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសម្តេចបានខិតខំអស់ពីព្រះកាយពលក្នុងការដឹកនាំព្រះសង្ឃ ការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញអស់មួយព្រះជន្មព្រះអង្គ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖
១- ប្រកាសថ្ងៃកាន់ទុក្ខជាផ្លូវការ លើកទី២ រយៈពេល១ (មួយ) ថ្ងៃ គឺថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។
២- គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋនិងឯកជនទាំងអស់ គ្រប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដង ពីលើចុះមកក្រោម។
៣- គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិនិងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែងនិងចាក់ផ្សាយនូវទស្សនីយភាព ផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។
ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងជនរួមជាតិទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាកិច្ចចូលរួមព្រះបរមមរណទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ៕