ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ចូលរួមពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញ ផ្លូវ ឆ្ពោះទៅ ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) ជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។
ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់រំលេច គ.ស.ស. ជាធាតុស្នូលនៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិនានា ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០០៨-២០១៥ និង ២០១៦-២០២០, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។
បន្ថែមលើនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏បានកំណត់ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ជាកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ផងដែរ។
ថ្លែងក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្ស ដែលបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥» នាថ្ងៃនេះ។ កម្មវិធីថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ និង ជាវឌ្ឍនភាពដ៏សំខាន់ ក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេស ពាក់ព័ន្ធការគាំពារសុខភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ធនធានមនុស្សនៅតែជាកិច្ចការសំខាន់។ មូលធនមនុស្ស នៅតែជាគន្លឹះក្នុងការកសាងជាតិ ហើយសុខភាពគឺជាចំណែកមួយក្នុងការកសាងមូលធនមនុស្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា បង្កើនតែទំនើបកម្មសេវាសុខាភិបាល ហើយពលរដ្ឋទទួលមិនបាន គឺគ្មានតម្លៃនោះទេ។ ទំនើបកម្មសុខាភិបាល មិនអាចមានតែនៅភ្នំពេញនោះទេ គឺត្រូវតែរុញដល់ទីជនបទ។ ការគិតគូរលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាល ជាមួយតម្លៃសមរម្យ គឺជារឿងចាំបាច់។ សម្តេបានឲ្យដឹងថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយជិត ៦០០លានដុល្លារ ដើម្បីពង្រឹងវិស័យសុខាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» គឺជាការបោះជំហានដ៏ស្វាហាប់ ប្រកបដោយមោទនភាព។ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» បានដាក់ចេញផែនការច្បាស់លាស់ណាស់ ដើម្បីធានាបានថា មិនទុកពលរដ្ឋណាចោល ដោយមិនបានគិតគូរពីបញ្ហាសុខភាពរបស់ពួកគាត់។ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ក៏បានកំណត់គោលដៅជាក់លាក់ចំនួន៣ រួមមាន៖ ១) ការពង្រីកវិសាលភាពនៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន ៨០ភាគរយ នៃពលរដ្ឋសរុប, ២) ការបង្កើនសន្ទស្សន៍គ្របដណ្ដប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោច ៨០ភាគរយ, និង៣) ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាល។
សម្តេចធិបតីបានប្រសាសន៍បន្ថែមថា សេវាសុខាភិបាលត្រូវតែឡើងថ្លៃទៅតាមការធ្វើទំនើបកម្មសេវា ប៉ុន្តែត្រូវរកវិធីទប់កុំឱ្យលុយប្រជាពលរដ្ឋចេញពីហោប៉ៅខ្ពស់ពេក។ សម្តេចថា ពលរដ្ឋមិនអាចរស់បានឡើង បើគ្មានលទ្ធភាពទទួលសេវាសុខាភិបាលទេនោះ។ សម្តេចថ្លែងថា គោលនយោបាយជំនួយសង្គម គឺជាកិច្ចការដែលរាជរដ្ឋាភិបាលគិតគូរ និងធ្វើ២០ឆ្នាំមកហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការឃាត់ខ្លួនមេបក្សកម្លាំងជាតិ ដោយសារតែការផ្សាយបំភ្លៃពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើកម្មវិធីជាតិជំនួយសង្គម។ សម្តេចធិបតីថ្លែងថា ពលរដ្ឋ៤លាន ៧សែននាក់ ដែលទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនអនុវត្តសម្រាប់តែបក្ខពួក ឬសាច់ញាតិ ដូចការមូលបង្កាច់របស់លោក ស៊ុន ចន្ទី លើកឡើងនោះទេ។ ហើយការអនុវត្តច្បាប់ចំពោះលោក ស៊ុន ចន្ទី គឺជាការអនុវត្តវិធានការច្បាប់ ដើម្បីការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើមិត្តបរទេសកុំដាក់សម្ពាធរាជរដ្ឋាភិបាលលើការអនុវត្តច្បាប់ ត្រូវប្រាប់ទៅក្រុមប្រឆាំង កុំឱ្យប្រព្រឹត្តខុសច្បាប់។
ដោយសង្កេតឃើញមានការកើតឡើងជាញឹកញាប់នូវសកម្មភាពក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដោយរួមទាំងការប្រព្រឹត្តអំពើហិង្សា និងមានទាំងការប្រើប្រាស់អាវុធ ដូចជាកាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ សន្តិសុខសង្គម ពិសេស ភាពសុខសាន្តរបស់ប្រជាជន ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងទាំងនេះ ទាំងវិធានការរដ្ឋបាលក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ, សន្តិសុខសង្គម, សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ពិសេស ភាពសុខសាន្តរបស់ប្រជាជនក្នុងសហគមន៍ ។
ជាមួយគ្នានេះ សម្ដេចធិបតីក៏បានអំពាវនាវឱ្យស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ មានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងទាំងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីការការពារសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជនយើង។ ទន្ទឹមនឹងនេះ សម្ដេចក៏អំពាវនាវឱ្យឪពុកម្តាយ ក៏ដូចជា អាណាព្យាបាល ខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ក៏ដូចជា ក្មួយៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ វៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
សម្ដេចធិបតីបានអំពាវនាវដល់ក្មួយៗទាំងអស់ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសខ្មែរយើង សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការប្រតិបត្ដិ និងផែនការយុទ្ធសាស្ត្រលម្អិត, ក៏ដូចជា យន្តការតាមដាន និង វាយតម្លៃជាប្រចាំ អំពីវឌ្ឍនភាព និង បញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលយុទ្ធសាស្ត្រពាក់ព័ន្ធ ឱ្យបានសមស្រប, ទាន់ពេល និងចំទិសដៅ ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលល្អ តាមការគ្រោងទុក ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បន្តដឹកនាំ តម្រង់ទិស និង សម្របសម្រួលការអនុវត្តផែនទីបង្ហាញផ្លូវនេះ តាមរយៈយន្តការអនុគណៈកម្មការទទួលបន្ទុក ការគ្របដណ្តប់សុខភាពជាសកល ដែលនឹងត្រូវបង្កើតឡើង ដូចត្រូវបានកំណត់ក្នុងយន្តការអភិបាលកិច្ចនៃផែនទីបង្ហាញផ្លូវនេះ។
ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រសួងសុខាភិបាល, ក្រុមការងារបច្ចេកទេស អន្តរក្រសួង និង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចំពោះការដឹកនាំសម្របសម្រួល ក្នុងការធ្វើឱ្យ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកលនៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥» ដែលជាឯកសារមគ្គុទេសក៍ដ៏មានសារៈសំខាន់សម្រាប់ប្រជាជាតិខ្មែរនេះ លេចចេញជារូបរាងឡើង ៕