សម្តេច ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេច ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩០ ឈានចូល ៩១ឆ្នាំ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមន្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមន្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ របស់សម្តេចអគ្គមហាពញាចក្រី ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុតជាមួយនឹងការគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូន សម្តេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ។
តាងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ព្រមទាំងភរិយា ខ្ញុំសូមកោតសរសើរ យ៉ាងក្រៃលែងចំពោះគុណបំណាច់ដ៏ធំធេងរបស់ សម្តេចអគ្គមហាពញាចក្រី ក្នុងការរួមចំណែកសង្គ្រោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិកម្ពុជាឱ្យទទួលបានភាពសម្បូណ៌សប្បាយរុងរឿង។ សម្តេចអគ្គមហាពញាចក្រី ជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលមានទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ និងខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រីកចម្រើនលើគ្រប់វិស័យ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងបានបន្តការពារថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ ប្រជាជនកម្ពុជា ធ្វើឱ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ប្រកបដោយភាពថ្លៃថ្នូរ និងមានជីវភាពឈានឡើងជាបន្តបន្ទាប់។
ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ ជូនសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាពញាចក្រី ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ ៕