ឯកឧត្តម ជីវ ស៊ុនហេង ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតក្នុងឃុំកំពង់ចិនជើង ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤
ភ្នំពេញ៖ នៅថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ជីវ ស៊ុនហេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង បានជួបសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិក និងអង្គបោះឆ្នោត នៅទីស្នាក់ការគណបក្សឃុំកំពង់ចិនជើង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនជើង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្សទាំងអស់ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមសាមគ្គីគ្នារបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ធ្វើការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤នេះ។
ឯកឧត្តមប្រធានក្រុមការងារ បានបន្តថា យុទ្ធនាការឃោសនាបោះឆ្នោតក្នុងរយៈពេល ៨ថ្ងៃមកនេះ បានប្រព្រឹត្តិទៅដោយរលូន តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គ្មានអំពើហិង្សា និងក្រោមបរិយាកាសល្អប្រសើរ។ ឯកឧត្តមក៏បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ សូមគោរពតាមច្បាប់បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានកំណត់ ថែរក្សាសុខភាព ត្រៀមឯកសារពាក់ព័ន្ធដើម្បីបោះឆ្នោត និងត្រូវទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ៕