ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលមន្ត្រីក្រោមឱវាទអំពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិល
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ និងអគ្គលេខាធិការដ្ឋាននៃ គ.ក.ស. បានរៀបចំវគ្គបណ្តុះបណ្តាលល ស្តីពី «ដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិល»។
កម្មវិធីនេះបានប្រព្រឹត្តកាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈជាច្រើនរូប។
វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍសមត្ថភាពបន្ថែមដល់មន្ត្រីបច្ចេកទេស សម្រាប់បំពេញការងារ ដែលគាំទ្រដល់ដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការស៊ីវិល នៅក្រសួង-ស្ថាប័ន។
វគ្គបណ្តុះបណ្តាលនាពេលនេះ ជាវគ្គបណ្តុះបណ្តាលលើកទី១ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដោយរៀបចំឱ្យមានបទបង្ហាញចំនួន៥ រួមមាន៖ (១).ការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន (២).ការដឹកនាំ និងការលើកទឹកចិត្តក្រុមការងារប្រកបដោយប្រសិទ្ធភាព (៣).ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព (៤).ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និង (៥).ការរៀបចំរបាយការណ៍ និងផែនការការងារ៕