ខេត្តស្វាយរៀង ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ដែលមានអង្គបោះឆ្នោត៥១៨នាក់ មានមណ្ឌល និងការិយាល័យចំនួន៨
ភ្នំពេញ៖ នៅទូទាំងខេត្តស្វាយរៀង ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ចាប់តាំងពីម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ មានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងតំណែង ដែលអង្គបោះឆ្នោតបានមកចូលរួមបោះឆ្នោតនៅតាមមណ្ឌល និងការិយាល័យទាំង៨ស្រុក-ក្រុង បានបោះឆ្នោតរួចរាល់ហើយ។
សូមបញ្ជាក់ថា សម្រាប់ខេត្តស្វាយរៀងវិញ មាន៨ក្រុង-ស្រុក ៨០ឃុំ-សង្កាត់ និងមានមណ្ឌល៨ និងការិយាល័យចំនួន៨ សមាជិកអង្គបោះឆ្នោត៥១៨នាក់ និងស្ត្រី១៣០នាក់ និងគណបក្សនយោបាយចូលរួមចំនួនន៤ រួមមាន៖១.គណបក្សប្រជាជាកម្ពុជា, ២.គណបក្សឆន្ទៈខ្មែរ, ៣.គណបក្សកម្លាំងជាតិ, ៤.គណបក្សហ៊្វុនស៊ិនប៉ិច និងមានអ្នកសង្កេតការជាតិចំនួន៥៩នាក់ មាន៤សមាគម រួមមាន៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក, សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តស្វាយរៀង, សមាគមរាជសី, សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត។
សូមជម្រាបជូនថា បោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងមុខតំណែងចូលរួមបោះឆ្នោតប៉ុណ្ណោះ។
ចំពោះការងារសន្តិសុខសណ្ដាប់ធ្នាប់ តាមមណ្ឌលនិងការិយាល័យទាំង៨ ស្រុក ក្រុង នៅខេត្តស្វាយរៀងបានបញ្ចប់ទៅដោយរលូនមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សានិងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ ៕