ខេត្តរតនគិរី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅ ប្រកបដោយរលូនក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ
ភ្នំពេញ៖ ចាប់តាំងពីដំណើរការឃោសនាបោះឆ្នោត រហូតមកដល់ដំណើការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ក្នុងខេត្តរតនគិរី បានដំណើរការប្រកបដោយបរិយាកាសល្អ ដែលគ្រប់គណបក្សនយោបាយទាំងអស់ដែលបានចូលរួមប្រកួតប្រជែង ដោយមានសិទ្ធិចូលរួមប្រកបដោយសេរី យុត្តិធម៌ និងស្មើភាព។
លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ជាទូទៅបានដំណើរការល្អហើយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងដំណែងដែលជាអង្គបោះឆ្នោតបានទៅបោះឆ្នោតតាមមណ្ឌលរៀងៗខ្លួន។ គ្រប់ការិយាល័យទាំង៩ ទូទាំងខេត្តបានបើកទ្វារនៅម៉ោង ៧ព្រឹក ថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយបានដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូនក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ។
លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានបន្តថា នៅក្នុងខេត្តរតនគិរី មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ០២ គណបក្ស រួមមាន៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ។ មានការិយាល័យបោះឆ្នោតចំនួន ៩ ការិយាល័យ មានអង្គបោះឆ្នោតសរុបចំនួន ២៦០នាក់ ក្នុងនោះស្រី ៦០នាក់ ជាក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង។ ហើយគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះមាន គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះចំនួន ១០មណ្ឌលរួមមាន៖ មណ្ឌលក្រុមប្រឹក្សាខេត្ត និងមណ្ឌលក្រុងស្រុកទាំង៩។ ចំណែកគណបក្សឆន្ទៈខ្មែរ ឈរឈ្មោះចំនួន ៨មណ្ឌល គឺមណ្ឌលក្រុមប្រឹក្សាខេត្ត និងមណ្ឌលក្រុមប្រឹក្សាក្រុងស្រុកចំនួន៧ ៕