គណៈកម្មការអធិការកិច្ចវិន័យ និងត្រួតពិនិត្យកិច្ចការរដ្ឋ នៃបក្សកុម្មុយនិស្តចិន ខេត្តក្វាងទុង និង ACU កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ
ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការទៅលើកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងគណៈប្រតិភូគណៈកម្មការអធិការកិច្ចវិន័យ និងត្រួតពិនិត្យកិច្ចការរដ្ឋ បក្សកុម្មុយនិស្តចិនខេត្តក្វាងទុង ដឹកនាំដោយឯកឧត្តម Song Fulong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តក្វាងទុង លេខាធិការនៃគណៈកម្មការអធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តក្វាងទុង និងជាប្រធាន នៃគណៈកម្មាធិការត្រួតពិនិត្យរដ្ឋ ខេត្តក្វាងទុង និងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ ។
ឯកឧត្តម Song Fulong បានមានប្រសាសន៍ថា បក្សកុម្មុយនិស្តចិន ជាបក្សកាន់អំណាច បានប្រកាន់ខ្ជាប់នូវភាពស្អាតស្អំជាប់ជានិច្ច បង្កបរិយាកាសសង្គមឲ្យមានតម្លាភាព មានយន្តការប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងម៉ាត់ ដោយមានការត្រួតពិនិត្យពីមន្ត្រីប្រឆាំងអំពើពុករលួយរបស់ខេត្តក្វាងទុង ៦០០ នាក់ ។
ឯកឧត្តម សុង ហ្វូឡុង បានលើកឡើងថា «គ្មានការអត់ឱន បន្តជំរុញខ្លាំងក្លាការប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យ អំពើពុករលួយ ភាពខ្ជះខ្ជាយ និងអសកម្ម។ ប្រព័ន្ធនយោបាយទាំងមូល ត្រូវធ្វើឲ្យខ្ជាប់ខ្ជួន កែលម្អរបៀបរបប គោលនយោបាយ យន្តការ និងបទប្បញ្ញត្តិដើម្បីឱ្យបុគ្គលម្នាក់ៗមានការជ្រួតជ្រាបពីទំនួលខុសត្រូវរបស់ខ្លួន ដោយមិនចង់ មិនអាច និងមិនហ៊ានពុករលួយ ។
ស្របពេលជាមួយនឹងការលើកឡើងអំពីយន្តការប្រឆាំងអំពើពុករលួយរបស់គណៈប្រតិភូ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាងអំពើពុករលួយ បានជម្រាបជូនភ្ញៀវអំពីកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់អង្គភាព ដែលមាន ៣ផ្នែកធំៗ គឺ ១.អប់រំ ២.បង្ការ ទប់ស្កាត់ និង ៣.បង្ក្រាបកសាងសំណុំរឿងទៅតុលាការ ដែលផ្នែកទី ១ និងទី២ ជាយន្តការអង្គភាពធ្វើច្រើនរហូតដល់ ៨០% នៃកិច្ចការទាំងមូល ដើម្បីអប់រំមនុស្ស «មិនចង់ពុករលួយ មិនអាចពុករលួយ និងមិនហ៊ានពុករលួយ»។ លោក សុង ហ្វូឡុង បានលើកឡើងថា ប្រទេសទាំងពីរមាននីតិវិធីអនុវត្តទៅលើការងារនេះស្រដៀងគ្នា ។
ភាគីទាំងពីរបានពិភាក្សាគ្នាទៅលើកិច្ចការផ្សេងៗមួយចំនួនទៀត ដូចជា ការផ្លាស់ប្តូរកិច្ចសហការទៅលើការស៊ើបអង្កេត ការប្ដេជ្ញាបង្កើនកិច្ចសហការប្រឆាំងអំពើពុករលួយរួមគ្នា ពិសេសការស្វែងរក អង្កេត និងឃាត់ខ្លួនមុខសញ្ញាទាំងឡាយដែលរត់គេចខ្លួនចេញពីប្រទេសចិនមកកម្ពុជា ឬពីប្រទេសកម្ពុជាទៅប្រទេសចិន និងបានចែករំលែកបទពិសោធអំពីការអនុវត្តការប្រឆាំងអំពើពុករលួយគ្នាទៅវិញទៅមក។
ដំណើរទស្សនកិច្ចនេះ ក៏ជាផ្នែកមួយនៃការរឹតចំណងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយភាគីចិនបានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងកាន់តែល្អបន្ថែមទៀត រវាងក្របខណ្ឌខេត្តក្វាងទុង ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ។
គណៈប្រតិភូក៏គោរពអញ្ជើញឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើទស្សនកិច្ចនៅខេត្តក្វាងទុងផងដែរ ។ ភាគីទាំងពីរបានសម្តែងនូវអំណរសាទរ និងរីករាយចំពោះលទ្ធផលនៃជំនួបនេះ ។ ឆ្លៀតឱកាសនោះដែរ ប្រធានប្រតិភូ បានពាំនាំពាក្យពេចន៍សួរសុខទុក្ខពីថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តចិនជូនឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រីផងដែរ ។
គណៈប្រតិភូក៏បានអញ្ជើញទស្សនាបន្ទប់បំពេញការងារមួយចំនួន ដូចជា បន្ទប់វិភាគពាក្យបណ្ដឹង បន្ទប់ Polygraph បន្ទប់ប្រតិបត្តិការ បន្ទប់ស្តាប់ចម្លើយ បន្ទប់សម្រាកជនសង្ស័យ ឬជនឃាត់ខ្លួន និងបន្ទប់ឃ្លាំងប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាដើម ៕