ឯកឧត្ដម សួស ប្រាថ្នា វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានី ខេត្ត ដែលកន្លងមកបានខិតខំបំពេញការងារលើគ្រប់វិស័យ ដោយធានាបាននិរន្តរភាព ក្នុងការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានាជូនពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងបុគ្គលិក មន្រ្តីរាជការទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញការងារលើគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយធានាបាននូវនិរន្តរភាពនៅក្នុងការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយកិច្ចការត្រៀមចូលកាន់តំណែង
ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម សួស ប្រាថ្នា បានមានប្រសាសន៍ថា ថ្ងៃនេះ ឯកឧត្ដមមានកិត្តិយស និងក្តីសោមនស្សរីករាយដោយមកចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ កិច្ចការត្រៀមចូលកាន់មុខតំណែងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាឱកាសនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នា ឱកាសនេះ។
ជាមួយគ្នានេះ ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនឯកឧត្ដមផ្ទាល់ ឯកឧត្ដម សូមធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងបុគ្គលិក មន្រ្តីរាជការទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញការងារលើគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយធានាបាននូវនិរន្តរភាពនៅក្នុងការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាកំណែទម្រង់ដ៏មានសារៈសំខាន់ និងមានការពាក់ព័ន្ធដោយផ្ទាល់ដល់ការលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងប្រព័ន្ធគ្រប់គ្រង និងដឹកនាំការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៕