កម្មករ-កម្មការិនីរោងចក្រ ៦៦នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ទទួលបានការសួរសុខទុក្ខពីថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោក ប្រាក់ សោភ័ណ្ឌ នាយកសាខា បានចុះសួរសុខទុក្ខ កម្មករ កម្មការិនីរោងចក្រ ចំនួន ៦៦នាក់ (ក្នុងនោះមាន ២នាក់ដែលរបួសធ្ងន់ ត្រូវបញ្ជូនទៅភ្នំពេញ) ដែលគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំការសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ ជាមួយគ្នានេះដែលសម្ដេចក៏បាន ផ្ដាំផ្ញើអោយ ប្រជាពលរដ្ឋទាំងអស់ខិតខំថែទាំសុខភាព ដោយអនុវត្ត ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសំណូមពរដល់បុគ្គលិកមន្ទីរពេទ្យ យកចិត្តទុកដាក់ និងថែទាំដល់អ្នកជំងឺ ។
ជាមួយគ្នានោះ អំណោយដែរសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និង អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ ចែកជូនថវិកា ក្នុងមួយនាក់ ចំនួន ១០០,០០០៛ (មួយសែនរៀល) ក្នុងនោះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងចែកចំនួន ៣១ នាក់ និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ ចែកចំនួន ៣៥នាក់៕