អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនដល់ស្រ្តីមានកូនភ្លោះ៣ និងកូនភ្លោះ២ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត
ភ្នំពេញ៖ ដោយមានក្តីបារម្ភ និងការយកចិត្តទុកដាក់តែងតែមានជានិច្ចចំពោះមន្ត្រីក្រោមឱវាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនដល់ស្រ្តីមានកូនភ្លោះ៣ និងកូនភ្លោះ២ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
សូមជម្រាបជូនថា ថវិកាដែលបានប្រគល់ជូនរួមមាន៖
១. លោក ស៊ី ត្រា អាយុ២៥ឆ្នាំ (ត្រូវជាប្ដី) និងប្រពន្ធឈ្មោះ ចុប មេ អាយុ២១ឆ្នាំ ដែលមានកូនភ្លោះ៣ រស់នៅភូមិឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ទទួលបានថវិកាចំនួន ២,០០០,០០០រៀល (ក្នុងនោះថវិការបស់ឯកឧត្តម ស្វាយ សំអ៊ាង ចំនួន ៥០០,០០០រៀល និងថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ១,៥០០,០០០រៀល)។
២. លោក ប៊ុន ធួន អាយុ២៤ឆ្នាំ (ត្រូវជាប្ដី) និងប្រពន្ធឈ្មោះ សួន ធារី អាយុ២៤ឆ្នាំ ដែលមានកូនភ្លោះ២ រស់នៅភូមិហាងសុវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ទទួលបានថវិកាចំនួន ២,០០០,០០០រៀល (ក្នុងនោះថវិការបស់ឯកឧត្តម ស្វាយ សំអ៊ាង ចំនួន ៥០០,០០០រៀល និងថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ១,៥០០,០០០រៀល)។
ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើពីការសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ទិសទីដែលជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ៗគ្នាស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ដែលតែងតែយកចិត្តទុកដាក់ និងបារម្ភអំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ឯកឧត្តមតែងតែឆ្លៀតពេលជាប្រចាំទោះជាថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកក្តី ក៏ឯកឧត្តមឆ្លៀតពេលដើម្បីចុះមើល និងសួរសុខទុក្ខដោយផ្ទាល់ ដើម្បីឲ្យបានឃើញច្បាស់អំពីស្ថានភាពជាក់ស្តែង ជាពិសេសគឺការចុះសួរសុខទុក្ខដោយផ្ទាល់នេះ គឺជាឱសថដ៏ស័ក្តសិទ្ធដែលបានលើកទឹកចិត្តដ៏ខ្លាំងក្លាដល់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ។ ម្យ៉ាងវិញទៀតតាមការសង្កេតរបស់ក្រុមការងារបានឃើញថាមន្ត្រីទាំងឡាយដែលបានឯកឧត្តមចុះសួរសុខទុក្ខដោយផ្ទាល់ គាត់បានបង្ហាញអារម្មណ៍ក្តុកក្តួល រំភើប ស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះតែក្តីរីករាយខ្លាំងដោយបានឃើញថ្នាក់ដឹកនាំចំណាយពេលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរបស់ខ្លួនដល់មន្ទីរពេទ្យ និងគេហដ្ឋានដោយផ្ទាល់។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវឆ្លៀតពេលទៅសួរសុខទុក្ខមិត្តរួមការងារ ដើម្បីជាការលើកទឹកចិត្ត កុំឲ្យមានពាក្យនិយាយថា ពេលមន្ត្រីនៅមានកម្លាំងប្រើគាត់ដើម្បីបម្រើប្រជាពលរដ្ឋ និងអង្គភាព ពេលគាត់ឈឺបែរជាគ្មាននរណាម្នាក់យកចិត្តទុក្ខដាក់ ឬមកសួរសុខទុក្ខគាត់ឡើយ ៕