ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញចូលរួមពិធីសម្ពោធជានិមិត្តរូប ប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” ក្រោមអធិបតីភាពសម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមពិធីសម្ពោធជានិមិត្តរូប ប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធជានិមិត្តរូបនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការប្រសិទ្ធនាម កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលនឹងក្លាយជាសក្ខីភាពថ្មីមួយថែមទៀត បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ និងកត្តញ្ញុតាធម៌ដឹងគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចារិកទុកជាអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្ត និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមនូវកិត្តិនាម និងកិត្តិស័ព្ទរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង រួមទាំងរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ដែលតែងតែបានគាំទ្រយ៉ាងសកម្មដល់បុព្វហេតុសន្តិភាព ស្ថិរភាព ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ ជាងនេះទៀត ការប្រសិទ្ធនាមនេះ ក៏បានបង្ហាញផងដែរនូវជំនឿជឿជាក់លើចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាង កម្ពុជា-ចិន ដែលជាមិត្តដែកថែប និងត្បូងពេជ្រ ហើយត្រូវបានចារិកជាប់ក្នុងបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នៅគ្រប់ជំនាន់មិនអាចបំភ្លេចបាន។
គួររម្លឹកដែរថា៖ កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលត្រូវបានប្រសិទ្ធនាមជា “មហាវិថី ស៊ី ជីនពីង” គឺជាកំណាត់ផ្លូវមេ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ និងចំណុចបញ្ចប់នៅគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ ប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕