ក្មេងទំនើងម្នាក់ ត្រូវនគរបាលឃាត់សួរនាំរឿងម៉ូតូស៊ីម៉ាំងប្រែន បែប៉ះចំមុខសញ្ញាប្រើប្រាស់ថ្នាំញៀន និងទើបចេញពីពន្ធនាគារ
ភ្នំពេញ៖ ក្មេងទំនើងម្នាក់ជំនាញខាងជិះម៉ូតូបំពាក់ស៊ីម៉ាំងប្រែង បន្លឺសម្លេងរំខានគេឯងតាមភូមិ ត្រូវបានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យកម្លាំងការិយាល័យនគរបាលចរចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល តាមស្ទាក់ឃាត់មកសួរនាំ ក្រោយពីយុវជនរូបនេះបានធ្វសកម្មភាពជិះម៉ូតូ បន្លឺសម្លេងផ្អើលគេឯងពេញក្រុងសិរីសោភ័ណ កាលពីទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៤០នាទីល្ងាច។
ក្មេងទំនើងដែលត្រូវនគរបាលឃាត់ខ្លួនសួរនាំមានឈ្មោះ ង៉ង់ ចាន់ទី ភេទប្រុស អាយុ 24ឆ្នាំ រស់នៅភូមិរោងម៉ាស៊ិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ជននេះមានប្រវត្ថិធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើក ចេញពីពន្ធនាគារបានរយះពេល ២ឆ្នាំមកហើយ និងបានតេស្តទឹកនោមមានសារធាតុញៀន។
បច្ចុប្បន្នក្មេងទំនើងរូបនេះត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំ និង កសាងសំណុំរឿងចាត់ការបន្តតាមតាមនីតិវិធី៕