រដ្ឋមន្ត្រីក្រសួងផែនការ បន្តដឹកនាំកិច្ចប្រជុំជាមួយលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងតំណាងយូនីសេហ្វ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (គ.អ.ផ.យ.អ.ជ.) បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយលេខាធិការដ្ឋាននៃ គ.អ.ផ.យ.អ.ជ. នៅទីស្តីការក្រសួងផែនការ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីបន្តពិនិត្យ និងពិភាក្សាលើរបៀបវារៈនៃការត្រួតពិនិត្យ និងវាយតម្លៃ (M&E) សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (ផ.យ.អ.ជ.)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផងដែរពីតំណាងយូនីសេហ្វ (UNICEF) នៅកម្ពុជា នៅទីស្តីការក្រសួងផែនការ និងលោកបណ្ឌិត Frederic P Martin អ្នកជំនាញការត្រួតពិនិត្យនិងវាយតម្លៃអន្តរជាតិ នៃ COMPASS Institute ប្រទេសកាណាដា តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់តំណាងយូនីសេហ្វនៅកម្ពុជា ជាមួយនឹងលោកបណ្ឌិត Frederic P Martin ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាឱកាសនេះ ជាពិសេសចំពោះការចែករំលែកបទពិសោធន៍និងការសិក្សាគាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (NSDP) ក្នុងក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃ (M&E) សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (PS1) របស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបន្ថែមថា ក្នុងកិច្ចប្រជុំពិភាក្សានេះ លោកបណ្ឌិត Frederic P Martin អ្នកជំនាញការត្រួតពិនិត្យនិងវាយតម្លៃអន្តរជាតិ បានធ្វើបទបង្ហាញតាមរយៈប្រព័ន្ធវីដេអូសន្និសីទអំពីក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃ (M&E) សម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ដោយផ្អែកលើក្របខ័ណ្ឌលទ្ធផលយុទ្ធសាស្ត្រ (SRF) និងក្របខ័ណ្ឌការវាស់វែងការអនុវត្ត (PMF) សម្រាប់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (PS1) ៕