ករណីក្មេងទំនើង៥នាក់ រួមគ្នារំលោភក្មេងស្រីអាយុ១២ឆ្នាំ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន
ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ មានករណីរំលោភសេពសន្ថវៈលើក្មេងស្រីជនរងគ្រោះ អាយុ១២ឆ្នាំ បង្កឡើងដោយជនសង្ស័យចំនួន៥នាក់ កើតឡើងត្រង់ចំណុចផ្ទះជួលលេខ៣១ ផ្លូវលេខ១៣ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសហការ។ លុះនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន។
*ទី១៖ឈ្មោះ ឈួន គីមឡេង អាយុ២១ឆ្នាំ
*ទី២៖ឈ្មោះ ខន បុរី អាយុ១៤ឆ្នាំ
*ទី៣៖ឈ្មោះ ហ៊ន វីរះយុទ្ធ អាយុ១៦ឆ្នាំ
*ទី៤៖ឈ្មោះ ខន វីរះ អាយុ១៣ឆ្នាំ ឃាត់ខ្លួនត្រង់ចំណុច ឃុំព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
*ទី៥៖ឈ្មោះ លី គឹមលី អាយុ១៦ឆ្នាំ ឃាត់ខ្លួនបានត្រង់ចំណុច សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តករណីរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕