សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំទៅយុវវ័យថា «ក្មួយត្រូវប្រកួតប្រជែងគ្នារឿងការងារសង្គម កុំប្រកួតប្រជែងគ្នារឿងកាប់ដាវ»
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅយុវវ័យទាំងអស់ កុំឲ្យប្រកួតប្រជែងរឿងកាប់ចាក់គ្នា ប៉ុន្តែត្រូវក្លាហានចូលរួមសកម្មភាពការងារ នៅក្នុងសង្គម ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា កាលពីម្សិលមិញសម្ដេច បានបញ្ជាទៅកាន់អភិបាលខេត្តតាកែវ ឲ្យស្រាវជ្រាវករណីក្មេងទំនើងជិះម៉ូតូដេញកាប់គ្នានៅតាមដងផ្លូវ ស្ថិតក្នុងស្រុកត្រាំកក់ ដែលកើតឡើងប៉ុន្មានថ្ងៃនេះ ។
សម្ដេចធិបតីកត់សម្គាល់ថា កន្លែងមួយចំនួនលួចលក់ដាវសាម៉ូរ៉ៃ ដែលជាសម្ភារក្មេងទំនើងប្រើប្រាស់ដើម្បីធ្វើសកម្មភាព ខណៈការលក់នូវសម្ភារនេះមិនមានតម្រូវការចាំបាច់ឡើយ ខុសពីសម្ភារមួយចំនួនដែលបម្រើឲ្យការងារកសិកម្ម។ សម្ដេចថា ជាការពិតអាវុធមិនអាចសម្លាប់មនុស្សបានទេ ពោលមនុស្សទេដែលប្រើប្រាស់អាវុធខុសទិសដៅ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យខិតខំប្រឹងប្រែងបណ្ដុះឆន្ទៈ និងការអប់រំដល់យុវជន យុវតី ដែលជាវ័យមួយកំពុងចង់ឃើញ ចង់សាកនូវអ្វីដែលប្លែកៗ ដូច្នេះមិនអាចបណ្ដែតបណ្ដោយបានឡើយ ដោយត្រូវតែតម្រង់ទិសដើម្បីរក្សានូវធនធានមនុស្ស និងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ៕