ប្រកាសទទួលស្គាល់ជ័យលាភីក្រុងក្រចេះ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត លើកវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ អញ្ជើញប្រកាសទទួលស្គាល់ជ័យលាភី ក្រុងក្រចេះ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF និងការចូលរួមពីនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អជ្ញាធរក្រុង តំណាងអង្គការដៃគូរ ព្រះសង្ឃ មេឃុំ-ចៅសង្កាត់ យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោក សេក ប៊ុនហេង អភិបាលក្រុង បានរាយការណ៍បញ្ជាក់អំពីការងារអនាម័យក្រុងក្រចេះ គិតត្រឹមឆ្នាំ២០២៤ មានអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន ស្មើនឹង១០០% និងអត្រាអនាម័យកម្រិតមូលដ្ឋាន ស្មើនឹង ៩៦.៤៦% ។ បើប្រៀបធៀបទូទាំងខេត្ត ឃើញថាមានអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន ស្មើនឹង៨៤% និងអត្រាអនាម័យកម្រិតមូលដ្ឋាន ស្មើនឹង៧៤ % ដែលអត្រានេះខ្ពស់ជាងសូចនាករផែនការសកម្មភាពខេត្ត ។
លោកបន្តថា សម្រាប់ការងារទឹកស្អាត ក្នុងឆ្នាំ២០២៤ ក្រុងក្រចេះ មានអណ្តូងស្នប់ និងអណ្តូងចម្រុះ ចំនួន ៤៤៧អណ្តូង ហើយចំពោះអាជីវកម្មទឹកបរិសុទ្ធ មានចំនួន ១២កន្លែង និងអាជីវកម្មទឹកគីឡូ មានចំនួន ០២កន្លែងផងដែរ។
លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ក្នុងពិធីអបអរសាទរប្រកាសទទួលស្គាល់ជ័យលាភីក្រុងក្រចេះ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ១០០% ហៅកាត់ថា (ODF) ក្រោយពីក្រុមការងារបច្ចេកទេសរាប់តាំងពីថ្នាក់សង្កាត់ ថ្នាក់ក្រុង និងថ្នាក់ខេត្តដែលបានអនុវត្តការងារលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទបានចុះវាយតម្លៃស្ថានភាពអនាម័យតាមភូមិដ្ឋានខ្នងផ្ទះរបស់បងប្អូន ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ហាងលក់ភេសជ្ជៈ តាមអាគារទីសាធារណៈ ដូចជាសាលារៀន វត្តអារាម មណ្ឌលសុខភាព មន្ទីរពេទ្យ។
លោកបន្តថា កត្តាជោគជ័យ និងលទ្ធផលសម្រេចបានដ៏ត្រចះត្រចង់នេះសបញ្ជាក់ឱ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណនាអាណត្តិទី៥ និងទី៦ កន្លងមក និងបន្តការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពខេត្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៥ ដែលបានដាក់ចេញសំដៅបន្តលើកកម្ពស់ពង្រឹងសុខុមាលភាព អនាម័យបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។
ទន្ទឹមនេះ លោកអភិបាលរងខេត្ត បានស្នើសុំឱ្យតាមដាន និងជំរុញបន្តការសាងសង់បង្គន់អនាម័យនៅតាមមូលដ្ឋាន -បង្កើនវប្បធម៌សហការឲ្យបានជិតស្និតជាមួយ អង្គការដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកជំនួយបច្ចេកទេស សម្ភារៈ និងថវិកាបន្ថែម ផ្សព្វផ្សាយគោលការណ៍ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ជាពិសេសចំនុចទី៦ ស្តីពីអនាម័យ និងបរិស្ថាន ក្នុងមូលដ្ឋានដែលត្រូវប្រឡងប្រណាំងរៀងរាល់ឆ្នាំ- បន្តដឹកនាំយុទ្ធនាការសំអាត អនាម័យតាមទីសាធារណៈនានា ក្នុងមូលដ្ឋាន ដោយធានាថា មានអនាម័យល្អ ស្អាតជានិច្ច៕