ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញបើកសិក្ខាសាលាចែករំលែក របស់គណៈកម្មការសម្របសម្រួលគម្រោង ស្តីពី ការអនុវត្តគម្រោងការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង A4S តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្តីទី បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកស្តីពី “ការអនុវត្តគម្រោងការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” នៅកំពតស្វីតប៊ូទិច ទីរួមខេត្តកំពត ។
ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការបានថ្លែងថា គម្រោងស្តីពី “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” គឺមានរយៈពេល ២៤ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០២៣ រហូតដល់ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការឧបត្ថម្ភគាំទ្រដោយអង្គការអន្តរជាតិខាងការងារ។
ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការបានបន្ថែមថាសិក្ខាសាលាដ៏មានសារសំខាន់នេះ រៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោង ធ្វើការឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមនានា ស្វែងរកវិធីសាស្ត្រសមស្រប និងជំហានបន្ទាប់សម្រាប់ ការអនុវត្តគម្រោងស្តីពី “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” ។ លើសពីនេះទៅទៀត សិក្ខាសាលានេះ ក៏មានកិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍អំពីហានិភ័យសេដ្ឋកិច្ច បញ្ហាយេនឌ័រ និងដំណោះស្រាយនានាក្នុងដំណើរការអនុវត្តរបបសន្តិសុខសង្គម ក្នុងចំណោមសមាជិក និងសមាជិកានៃគណៈកម្មការសម្របសម្រួល និងក្រុមការងារបច្ចេកទេសគម្រោង A4S ក្រុមប្រឹក្សាជាតិគាំពារសង្គម ជំនាញការជាតិ និងអន្តរជាតិពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ ជាពិសេស សមាជិក សមាជិកា នៃគណៈកម្មការសម្របសម្រួល ព្រមទាំងក្រុមការងារបច្ចេកទេសគម្រោង “ការអនុវត្តគម្រោងការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” នឹងទទួលបាននូវចំណេះដឹងផ្នែកបច្ចេកទេស ធាតុចូល និងវិធីសាស្ត្រសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រ និងផែនការការងារបន្ទាប់ សម្រាប់អនុវត្តគម្រោង ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដែលជាការរួមចំណែក លើកកម្ពស់ និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមកម្ពុជាទៅដល់ប្រជាជនគោលដៅឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ មានវត្តមានអញ្ជើញចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការសម្របសម្រួល និងក្រុមការងារបច្ចេកទេសរបស់គម្រោង អង្គការហ្គ្រេត អង្គការអន្តរជាតិខាងការងារ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការស្ត្រីនៅក្នុងការងារក្រៅប្រព័ន្ធ និងជំនាញការ នៃអង្គភាពសន្តិសុខសង្គម នៃប្រទេសថៃ ប្រទេសឡាវ និងប្រទេសម៉ាឡេស៊ីសរុបចំនួន ៤០រូប៕