ក្រសួងសេដ្ឋកិច្ច បន្តយុទ្ធនាការបណ្តុះបណ្តាល ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំនាន់ថ្មី
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៤នេះ បានបន្តយុទ្ធនាការបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំនាន់ថ្មី» ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាង២ ០០០នាក់ នៃគ្រប់ការដ្ឋានដែលប្រើប្រាស់ FMIS ក្នុងការកត់ត្រាប្រតិបត្តិការ ហិរញ្ញវត្ថុសាធារណៈ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ បានលើកឡើងថា តាមរយៈការប្រើប្រាស់ FMIS ជំនាន់ថ្មី រួមទាំងការអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង និងការប្រើប្រាស់របាយការណ៍ចាំបាច់ផ្សេងៗ ដែលផលិតចេញពី FMIS ពិតជាបានចូលរួមចំណែកក្នុងការជួយបង្កើន តម្លាភាព ប្រសិទ្ធភាព និងពន្លឿនការងារអនុវត្តហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែខិតទៅរកភាពប្រាកដនិយម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសផ្តោតលើការចាត់ចែង និងការបែងចែកធនធានហិរញ្ញវត្ថុជាតិ ស្របតាមឆន្ទៈនៃការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងផ្តល់អាទិភាពខ្ពស់ លើការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
បណ្ឌិតសភាចារ្យបានគូសរំលេចថា ចាប់តាំងពីការអនុវត្តគម្រោង FMIS ជំហានទី១ រហូតមកដល់ជំហានទី ៣, FMIS បានដើរតួនាទីគន្លឹះ ក្នុងការត្រួសត្រាយផ្លូវ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការផ្តល់ជូនឧបករណ៍បច្ចេកវិទ្យាព័ត៌មានស្នូល ដែលមានភាពជឿជាក់ និងមានអនុភាព សម្រាប់គាំទ្រដល់ការកែប្រែប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេសការលុបបំបាត់នីតិវិធីការងារ ដែលអនុវត្តដោយដៃ និងលើឯកសារជាក្រដាស មកជាការអនុវត្តការងារតាម FMIS ទាំងស្រុង។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលនាថ្ងៃនេះ ដែលជាវគ្គទី២ នៃកម្មវិធីបណ្តុះបណ្តាល ត្រូវបានគិតគូរជាផែនការសកម្មភាពច្បាស់លាស់ ស្របតាមផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី ៣ (២០២១-២០២៥) និង ផែនការសកម្មភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ និងទី៤ ដែលត្រូវបានអនុវត្តប្រកបដោយភាពហ្មត់ចត់ និង ប្រយ័ត្នប្រយែងបំផុត។
គិតមកដល់បច្ចុប្បន្ន, FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅគ្រប់ទីតាំងអនុវត្តថវិកាសំខាន់ៗ នៅថ្នាក់កណ្ដាល រួមមាន អគ្គនាយកដ្ឋានជំនាញទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅគ្រប់ក្រសួង-ស្ថាប័ន។ បន្ថែមលើនេះ, FMIS ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមអង្គភាពសំខាន់ៗ នៅថ្នាក់មូលដ្ឋាន ពោលគឺ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រតនាគាររាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្ត និង រដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួន ៤៤ ដែលសរុបជាការដ្ឋាន មានចំនួន ២១៣ ការដ្ឋាន, រួមជាមួយនឹងការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី ១ ទៅដល់គ្រប់រដ្ឋបាលក្រុង-ស្រុក និង ឃុំ-សង្កាត់ទូទាំងប្រទេសកម្ពុជា ដែលសរុបជារួមមានចំនួន ១ ៨៧០ ការដ្ឋាន។
លើសពីនេះ FMIS បានផ្តល់ជូនអ្នកប្រើប្រាស់នូវលទ្ធភាព ក្នុងការប្រើប្រាស់របាយការណ៍ ដែលទាញចេញពី FMIS ផ្ទាល់ រហូតដល់ ៦៦ របាយការណ៍ ទៅតាមសិទ្ធិនៃអ្នកប្រើប្រាស់ប្រព័ន្ធ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេសលេខាធិការដ្ឋាន ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងខិតខំយ៉ាងសស្រាកសស្រាំ លះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការធានាឱ្យការរៀបចំដំឡើងជំនាន់ FMIS ថ្មី អាចបញ្ចប់ទៅតាមផែនការ និង ឈានដល់ការបើកវគ្គបណ្តុះបណ្តាលជូនអ្នកប្រើប្រាស់ FMIS ទាំងអស់ នាពេលនេះ៕