ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ការពារ ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយខែកន្លងមកនេះក្នុងការ គ្រប់គ្រង ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ងួន រតនៈ បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន ដែលមានការពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងផែនការ ប្រើប្រាស់កម្លាំងសរុប វិធានការសរុប ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំដោយទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។
លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ឋ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព នូវបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល ដោយត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាប និងត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
យោងតាមរបាយការណ៍កិច្ចប្រជុំ ស្ដីពីកិច្ចប្រតិបត្តិការ ក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប រយៈពេលមួយខែបានឱ្យដឹងថា ទទួលបានលទ្ធផលជោគជ័យ គួរជាទីមោទនៈ ដោយបានរកឃើញ និងរឹបអូសវត្ថុតាង ដែលជនល្មើសកាប់ទន្ទ្រានយកមករក្សាទុក និងបានចាប់ឃាត់ខ្លួនជនល្មើសមួយចំនួន ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន ៕