សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលអង់គ្លេសបានសម្រេចតាមបំណងរបស់សម្ដេច បើកសាកលវិទ្យាល័យមួយនៅកម្ពុជា
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលចក្រភពអង់គ្លេសបានសម្រេចតាមបំណងរបស់សម្ដេច បើកសាកលវិទ្យាល័យមួយនៅក្នុងប្រទេសកម្ពុជា ពីព្រោះថាកន្លងទៅនេះ មាននិស្សិតកម្ពុជាមួយចំនួនបានទៅសិក្សានៅអង់គ្លេស តែពេលនេះ គឺមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅកម្ពុជាតែម្ដង ដែលនឹងកាន់តែមានភាពងាយស្រួល ពិសេសការកាត់បន្ថយការចំណាយរបស់និស្សិត។
ក្នុងឱកាសដែលអនុញ្ញាតឱ្យឯកឧត្តម ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្ដែងនូវក្តីរីករាយដែលបានជួប ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស បន្ទាប់ពីជំនួបដំបូងកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២៣។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំលឹកថា កាលពីជំនួបលើកមុន ក្រោយពេលដែលឯកឧត្តម បានក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ដែលចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងកម្ពុជា និងចក្រភពអង់គ្លេសមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនោះដែរគឺការបើកសាកលវិទ្យាល័យអង់គ្លេសមួយនៅកោះពេជ្រដែលបានបើកដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២៣ កន្លងមក ជាមួយនឹងតម្លៃសិក្សាសមរម្យ និងមានផ្ដល់អាហារូបករណ៍ផងដែរ។
ឯកឧត្តមពិតជារីករាយដែលមានការចុះហត្ថលេខារវាងចក្រភពអង់គ្លេសជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងថាមពលករកើតឡើងវិញ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស ដែលបានលើកពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្វីដែលគួរឲ្យគាត់សម្គាល់មួយទៀតគឺ ការបង្កើតឧទ្យានឧស្សាហកម្មបៃតង ដែលកន្លងមកយើងមានការវិនិយោគដោយកូរ៉េ ដោយជប៉ុន តែឥឡូវនេះ គឺយើងនឹងមានការវិនិយោគដោយចក្រភពអង់គ្លេសបន្ថែមទៀត ក្នុងការវិនិយោគឧស្សាហកម្មបៃតងនេះ។ ទាក់ទងទៅនឹងវេទិកាវិនិយោគកម្ពុជា-អង់គ្លេស សម្ដេចតេជោ បានលើកឡើងថាថ្នាក់ដឹកនាំអង់គ្លេសបានជម្រាបបន្ថែមថា ទោះបីអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ ក៏ប៉ុន្តែគោលនយោបាយរបស់អង់គ្លេសចំពោះកម្ពុជា គឺមិនមានការប្រែប្រួលនោះទេ ៕