អគ្គស្នងការរងនគរបាលជាតិ អញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីតួនាទីភារកិច្ច និងសិទ្ធរបស់ប្រជាការពារ
ភំ្នពេញ៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការ ប្រធាននាយកដ្ឋានសរុប-ផែនការ ប្រធាននាយកដ្ឋាននគរបាលការពារ ប្រធានអង្គភាពអន្តរាគមន៍ ប្រធានអង្គភាពតម្រួតបទបញ្ជា គ្រូឧទ្ទេសនាម ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទទួលផែនសេនាធិការ នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត សរុបចំនួន៨៩នាក់។
បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ឡើងរាយការណ៍ពីវគ្គបណ្តុះបណ្តាលរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ថ្ងៃនេះ ឯកឧត្តម មានសេចក្តីសោមនស្សរីករាយណាស់ ដែលបានទទួលការចាត់តាំង ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីតួនាទីភារកិច្ច និងសិទ្ធរបស់ប្រជាការពារ ដែលមានរយៈពេល៣ថ្ងៃ ហើយក៏សូមអបអរសាទរចំពោះសិក្ខាកាមដែលជាគ្រូបង្គោលសុទ្ធតែស្នងការរង និងលោកនាយការិយាល័យតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលទទួលបានការបណ្តុះបណ្តាលដោយជោគជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្តថា គោលបំណងនៃការបើកវគ្គនេះ សំខាន់គឺការពង្រឹងភូមិឃុំសង្កាត់មានសុវត្ថិភាព ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដែលឯកឧត្តមបានយកចិត្តទុកដាក់ឲ្យពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលក្នុងនោះ មានប៉ុស្តិ៍នគរបាលរដ្ឋបាលជាស្នូល ប៉ុន្តែធាតុផ្សំនៅក្នុងនោះ គឺកម្លាំងប្រជាការពារ។ ដូច្នេះ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីតួនាទីភារកិច្ច របៀបកងជួរ ជាពិសេសដែនសមត្ថកិច្ចរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់បានចូលរួមដោយពេញលេញជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចាំបាច់ត្រូវឲ្យពួកគាត់មានការយល់ដឹង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្តាំផ្ញើដល់សិក្ខាកាមពេលត្រឡប់ទៅវិញ ត្រូវរាយការណ៍ជូនលោកស្នងការ ឬប្រធានអង្គភាពសាម៉ី រៀបចំផែនការបណ្តុះបណ្តាលដល់ប្រជាការពារជាបន្ទាន់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើយ៉ាងណាឲ្យបានបញ្ចប់មុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង សង្ឃឹមថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលរយៈពេល៣ថ្ងៃនេះ នឹងបានជ្រួតជ្រាបដល់មន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ក្នុងការរួមចំណែក ការពារ សន្តិសុខ សុវត្ថិភាពនៅឯមូលដ្ឋានមានភាពល្អប្រសើរ ៕