គណៈវិនិច្ឆ័យសម្រេចថាលោក ត្រាំ មានពិរុទ្ធលើបទល្មើសព្រហ្មទណ្ឌទាំង ៣៤ករណី ក្នុងសំណុំរឿងសូកលុយបំបិទមាត់
វ៉ាស៊ីនតោន៖ គណៈវិនិច្ឆ័យទីក្រុងញូយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា បានសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានពិរុទ្ធនៅក្នុងសំណុំរឿងក្លែងបន្លំឯកសារ របស់ក្រុមហ៊ុន ដើម្បីលាក់បាំងការសូកលុយបំបិទមាត់អតីតតារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទរវាងអ្នកទាំង២ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅបន្ទាប់ពីធ្វើសារណាពិភាក្សាដេញដោលអស់រយៈពេលជាង២ថ្ងៃ គណៈវិនិច្ឆយទីក្រុងញូវយ៉កទាំង១២នាក់ បានប្រកាសសាលក្រមថាលោក ត្រាំ មានពិរុទ្ធ ក្នុងបទល្មើសព្រហ្មទណ្ឌទាំងអស់៣៤ករណីដែលលោករងការចោទប្រកាន់។ លោក ត្រាំ បានធ្វើមុខក្រញូវ និងសម្លឹងចុះក្រោម នៅពេលគណៈវិនិច្ឆយប្រកាស សាលក្រម។
ជាមួយគ្នានោះដែរ លោកចៅក្រម Juan Merchan បានកំណត់យកថ្ងៃទី១១ ខែកក្កដា ដើម្បីប្រកាសសាលក្រមផ្តន្ទាទោសលោក ត្រាំ ពោល តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅមុនគណបក្សសាធារណរដ្ឋប្រកាសតែងតាំងលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីតំណាងបក្សរបស់ខ្លួនជាផ្លូវការ មុនការបោះឆ្នោត ចូលមកដល់នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។
បទល្មើសព្រហ្មទណ្ឌនៃការក្លែងបន្លំឯកសារក្រុមហ៊ុន មានទោសជាប់ពន្ធនាគារអតិបរមា ៤ឆ្នាំ។ តែជាធម្មតា ជនដែលត្រូវបានផ្តន្ទាទោសតែងតែទទួលបាន ការបន្ធូរបន្ថយទោស ការពិន័យជាប្រាក់ ឬអាចនៅក្រៅឃុំជាបណ្ដោះអាសន្ន។
គួរបញ្ជាក់ថា រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ៣៤ករណី ពាក់ព័ន្ធនឹងការសំណុំរឿងក្លែងបន្លំឯកសារ ក្រុមហ៊ុន ដើម្បីលាក់បាំងការចាយលុយបំបិទមាត់តារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទរវាងអ្នកទាំង២ សំដៅកុំឱ្យប៉ះពាល់យុទ្ធនាការ ឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ លោក ត្រាំ បានបដិសេធថាលោកមិនបានប្រព្រឹត្តខុសអ្វីទាំងអស់ ខណៈមេធាវីរបស់លោកថា នឹងបណ្ដឹងជំទាស់ទៅនឹងគណៈវិនិច័្ឆយទីក្រុងញូវយ៉ក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕