នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញអមដំណើរឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ នៅសិង្ហបុរី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ រយៈពេល ៣ថ្ងៃ នៅប្រទេសសិង្ហបុរី។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីនៅប្រទេសសិង្ហបុរី ត្រូវគេស្គាល់ថា កិច្ចសន្ទនាសាំងគ្រីឡា គឺជាវេទិកាដ៏សំខាន់មួយដែលមានការជួបគ្នារវាងប្រមុខការពារជាតិអាស៊ាន និងប្រមុខការពារជាតិមកពីបណ្ដាប្រទេសនានាលើសាកលលោក គ្រោងចាប់ផ្ដើមពីថ្ងៃទី៣១ ឧសភា ដល់ថ្ងៃទី២ មិថុនា ឆ្នាំ២០២៤។
ប្រធានបទក្នុងកិច្ចប្រជុំ នឹងផ្ដោតលើភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការពង្រឹងវិបត្តិនៅពេលមានការប្រកួតប្រជែងកាន់តែកើនឡើង ការកសាងសន្តិសុខ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បញ្ហាប្រឈមសន្តិសុខឆ្លងតំបន់ វិធីសាស្ត្ររបស់ចិនចំពោះសន្តិសុខសាកល ការតភ្ជាប់សន្តិសុខមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក និងការគិតគូរឡើងវិញអំពីដំណោះស្រាយសម្រាប់ស្ថេរភាពតំបន់ ៕