មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ ការចូលរួមតាមការអំពាវនាវ និងទាញយក App NoDrug មកប្រើប្រាស់នាំឱ្យបញ្ហាគ្រឿងញៀននៅមូលដ្ឋានថយចុះ
ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការចូលរួមតាមការអំពាវនាវ និងទាញយក App NoDrug មកប្រើប្រាស់នាំឱ្យបញ្ហាគ្រឿងញៀននៅមូលដ្ឋានថយចុះ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ០០៦ សសរ.អ.ជ.ប.គ.ញ.ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណ:គ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ជាការប្រជុំដោដោយផ្ទាល់និងពីចំងាយ Zoom ដែលមានអ្នកចូលរួមពីថ្នាក់ជាតិ និងក្រោមជាតិ (រាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក) ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានសាទរ និងលើកទឹកចិត្តឱ្យចូលរួម បំផុសឱ្យបន្ត ផ្សព្វផ្សាយនូវសេចក្តីអំពាវនាវ ជំរុញការទាញយកកម្មវិធី App Nodrug ពីសំណាក់សាធារណជន ពិសេសយុវជន ដើម្បីទទួលចំណេះដឹង រាយការណ៍ករណីគ្រឿងញៀនក្នុងមូលដ្ឋាន ដើម្បីចូលរួមធ្វើឱ្យសម្រេចបាននូវ ឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត កាត់បន្ថយនិងឈានទៅលុបបញ្ហាគ្រឿងញៀន «រួមគ្នាដើម្បីជិវិតនិងសហគមន៍គ្មានគ្រឿងញៀន»។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្តថា ការចូលរួមតាមការអំពាវនាវ និងទាញយក App NoDrug មកប្រើប្រាស់របស់សាធារណជនមានន័យថា ចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនាំឱ្យបញ្ហា គ្រឿងញៀននៅមូលដ្ឋានថយចុះ ហើយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវតែចូលរួមដោះស្រាយនូវព័ត៌មានដែលផ្តល់ដោយប្រជាពលរដ្ឋមកកាន់ App Nodrug៕