ឯកឧត្តម ផន រឹម អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ៤៨ ពីស្រែអំបិល-កោះកុង ត្រូវប្រុងប្រយ័ត្ន ដោយសារផ្លូវរអិល
ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ញើសារក្រើនរំលឹក និងអំពាវនាវ ដល់អ្នកប្រើប្រាស់ ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះ ជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែង ទួលចំណោទ។ នេះបើតាមហ្វេសប៊ុក របស់ឯកឧត្តមអ្នកនាំពាក្យក្រសួងសាធារណៈការ នៅព្រឹកថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ផន រឹម បានរៀបរាប់ពីស្ថានភាពផ្លូវថា បច្ចុប្បន្ន ផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ហើយការដ្ឋានកំពុងមមាញឹកខ្លាំង ដូចនេះស្ថានភាព នៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ដូច្នេះរថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿន មួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
ឯកឧត្តម ផន រឹម បានបន្តថា ក្រុមការងារការដ្ឋាន ក៏បានព្យាយាមបង្កើន បង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗ អាចកើតឡើង ជាយថាហេតុផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨”ស្រែអំបិល-កោះកុង” កំពុងដំណើរការយ៉ាងរលូន និងមមាញឹកខ្លាំង ដោយសម្រេចលទ្ធផល៥៦.៥៦%ហើយ គិតត្រឹមបំណាច់ខែឧសភា។ នៅបំណាច់ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ការដ្ឋាននឹងសម្រេចឲ្យបាន៦០%។
ការដ្ឋានចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ កំពុងមមាញឹកលើការងារអ៊ុត AC។ ក្រុមការងារបានធ្វើ Base Course ជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ។