ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំជុំវិញការរៀបចំព្រះរាជកម្មវិធីហែ និងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចសង្ឃរាជ ទេព វង្ស
ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាប្រធានអនុគណៈកម្មការពិធីការ បដិសណ្ឋារកិច្ច រៀបចំវេទិកា រៀបចំក្បួនដង្ហែ និងមេរុ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យជាលើកចុងក្រោយ នូវវឌ្ឍនភាពការងារ និងបូកសរុបសកម្មភាពការងារ របស់គណៈកម្មការពិធីការ បដិសណ្ឋារកិច្ច រៀបចំវេទិកា រៀបចំក្បួនដង្ហែ ព្រះមេរុ និងផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងធានាឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិធីសាសនានានា ឱ្យប្រព្រឹត្តទៅដោយរលូន រហូតដល់ចប់ព្រះរាជកម្មវិធីបុណ្យព្រះបរមសព។
កិច្ចប្រជុំនេះមានការយាងនិមន្ត និងការចូលរួមពីសំណាក់ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាល័យធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិកា នៃអនុគណៈកម្មការពិធីការ បដិសណ្ឋារកិច្ច រៀបចំវេទិកា រៀបចំក្បួនដង្ហែ និងមេរុ។
សម្ដេចព្រះមហាអរិយវង្ស ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាង ក្រសួង រដ្ឋលេខាធិការរដ្ឋាន ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិកា នៃអនុគណៈកម្មការពិធីការ បដិសណ្ឋារកិច្ច រៀបចំវេទិកា រៀបចំក្បួនដង្ហែ និងមេរុ បានមានសង្ឃដីកា និងរាយការណ៍អំពីលទ្ធផលការងារ, ការត្រៀមរៀបចំកិច្ចការដែលទទួលបន្ទុក និងបញ្ហាប្រឈម ព្រមទាំងសំណើនានា ដែលជារួមសមាជិក សមាជិកា នីមួយៗ បានត្រៀមរៀបចំរួចរាល់ទាំងស្រុង នូវសកម្មភាពការងារតាមមុខសញ្ញារៀងៗខ្លួន និងបន្តរៀបចំការងារដែលនៅសេសសល់។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំបានធ្វើការពិភាក្សា និងបានដាក់ចេញនូវគោលការណ៍មួយចំនួន សម្រាប់យកទៅអនុវត្តបន្តតាមផ្នែកនីមួយៗ ដើម្បីធានាឱ្យការរៀបចំព្រះរាជកម្មវិធីហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ចេញដំណើរពីវត្តឧណ្ណាលោម មកកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរារាម នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិនាមនិងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចព្រះមហាសង្ឃរាជ ព្រមទាំងធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ។
អង្គប្រជុំក៏បានធ្វើការពិភាក្សា និងដាក់ចេញនូវវិធានការត្រៀមបម្រុងបង្ការទុកជាមុនមួយចំនួន ពាក់ព័ន្ធនឹងទិដ្ឋភាពខាងផ្នែកបច្ចេកទេសនានា ក្នុងករណីមានសភាពការណ៍បន្ទាន់ណាមួយ កើតមានឡើងជាយថាហេតុផងដែរ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានចេញសារាចរណែនាំលេខ ០៣ សរណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាសថ្ងៃកាន់ទុក្ខជាផ្លូវការ លើកទី២ រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឱ្យសក្តិសមនឹងព្រះគុណូបការៈដ៏ធំធេងរបស់សម្តេច ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសម្តេចបានខិតខំអស់ពីព្រះកាយពល ក្នុងការដឹកនាំព្រះសង្ឃ ការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញ អស់មួយព្រះជន្មព្រះអង្គ ៕