នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យបង្កើតក្រមសីលធម៌វិជ្ជាជីវៈ អ្នកសិល្បៈ ដើម្បីធ្វើជាយន្តការសម្របសម្រួលជាមួយសមាគមនិងអ្នកសិល្បៈគ្រប់រូប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្នើឱ្យសមាគមសិល្បករខ្មែរ ត្រូវធ្វើការឱ្យបានជិតស្និទ្ធជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីដាក់ចេញនូវក្រមសីលធម៌នៃអ្នកសិល្បៈ ព្រមទាំងទាំងបង្កើតនូវក្រមសីលធម៌វិជ្ជាជីវៈ អ្នកសិល្បៈ ដើម្បីធ្វើជាយន្តការសម្របសម្រួលជាមួយសមាគមនិងអ្នកសិល្បៈគ្រប់រូប។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “អ្នកស្នងមរតក” ក្រោមពាក្យស្លោក រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងបរិការណ៍នៃបរិវត្តឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងកាន់តែពិបាក ដូច្នេះសម្ដេចសូមរម្លឹកគ្រប់សិល្បករត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការប្រឌិត ការបង្កើតមាតិកាសម្ដែងដែលមានចរិតមិនល្អសម្រាប់សង្គមជាតិ និងវប្បធម៌ជាតិរបស់យើង។
លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាគមក៏ត្រូវគិតគូរនិងរួមចំណែកបង្កើនសកម្មភាពជួយសង្គម កុមារ ស្ត្រីចាស់ជរា ជនពិការនិងអនាម័យបរិស្ថានជាដើម និងជាពិសេសគឺបន្តយកចិត្តទុកដាក់ ដល់សិល្បករ សិល្បការិនី វ័យចាស់ជរាដែលមានជីវភាពលំបាក ដូចដែលបានធ្វើកន្លងមកនេះ។ ពាក់ព័ន្ធការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរដល់ភាពប្លែកថ្មី សប្បាយ និងការទាក់ទាញ ដើម្បីឱ្យមានការចាប់អារម្មណ៍ និងការគាំទ្រ សម្ដេចធិបតី ស្នើសុំឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបញ្ចូលសារអប់រំ និងលើកស្ទួយសីលធម៌សង្គម តម្លៃគ្រួសារខ្មែរដោយប្រកាន់ខ្ជាប់នូវគោលការសច្ចធម៌ គុណធម៌ និងមិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និងកេរដំណែល សម្រាប់ជនជំនាន់ក្រោយ ៕