សម្តេចធិបតី៖ សិល្បករខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួនបានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា សិល្បករខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹងនៃប្រវត្តិសាស្ត្ររបស់កម្ពុជាទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកត្តលិករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមកផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី “អ្នកស្នងមរតក” ក្រោមពាក្យស្លោក រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងយុគសកលភាវូបនីយកម្ម ជាពិសេសនៅក្នុងយុគនៃបដិវត្តន៍កម្មឌីជីថលនាពេលបច្ចុប្បន្ន តួនាទីរបស់សិល្បករ សិល្បការិនី គឺកាន់តែមានសារៈសំខាន់ ដោយសិល្បករ មួយរូបៗសុទ្ធតែអាចក្លាយជាទូតសុឆន្ទៈតំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណជាតិ ភាពរុងរឿងសារជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ទន្ទឹមនេះ បញ្ហាប្រឈមមួយចំនួនក៏បានកើតឡើងដូចជា កង្វះខាតធនធានមនុស្ស ការបាត់បង់សិល្បករដែលមានវ័យចំណាស់តាមវ័យ និងតាមកាលវេលា ហើយកង្វះខាតចំណេះដឹងស្តីពីវប្បធម៌ជាតិ និងការរត់តាមផលប្រយោជន៍ចំពោះមុខមួយចំនួននៅលើទីផ្សារ រួមទាំងការហូរចូលនៃចរន្តវប្បធម៌បរទេស ដែលអ្វីៗទាំងនេះ គឺទាមទារនូវសេចក្តីក្លាហានក្នុងការប្រឈមជាមួយនឹងភាពរឹងមាំ ដោយឈរលើស្មារតីជាតិរបស់សិល្បករគ្រប់ៗរូប ដើម្បីតំណាងនូវអ្វីដែលជាទេពកោសល្យរបស់ខ្លួនផង ជាតំណាងរបស់សង្គមដែលខ្លួនកំពុងរស់នៅផង ជាកិត្តិយសរបស់ប្រទេសជាតិ ដែលខ្លួនមានកំណើត និងរស់នៅផង។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វឌ្ឍនភាពរបស់សមាគមសិល្បករខ្មែរនៅក្នុងរយៈពេលជាងមួយ ទសវត្សរ៍កន្លងមកនេះមានសន្ទុះគួរជាទីមោទនៈ ក៏ប៉ុន្តែភាពរអាក់រអួលដោយចេតនា ឬអចេតនា តែងតែកើតមានដោយជៀសសមិនផុត ហើយយកឱកាសនេះសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានរម្លឹក ព្រមទាំងបានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនផងដែរ ដើម្បីជាការចូលរួមតម្រង់ទិស និងការដំណើរការរបស់សមាគមសិល្បករខ្មែរឱ្យសម្រេចបានជោគជ័យតាមផែនការ ព្រមទាំងដើរតាមមូលដ្ឋាននៃក្រមសីលធម៌សម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈដោយភាពថ្លៃថ្នូរ និងភាពជោគជ័យរបស់សិល្បករគ្រប់រូបឱ្យក្លាយជាវឌ្ឍនភាពរួមរបស់វិស័យសិល្បៈទាំងមូលរបស់ជាតិ។
សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរបានបង្កើតឡើងកាលពីឆ្នាំ២០០៦ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមសិល្បកររៀមច្បង ដែលមកដល់ពេលនេះមានរយៈពេល ១៧ឆ្នាំមកហើយ ៕