ជនសង្ស័យ២នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា នៅវេលាម៉ោង១៣និង២០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកបានចដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះធ្វើប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ ខឹម យុទ្ធា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មានទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង២.ឈ្មោះ មើល រដ្ឋា ហៅ មើស ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្នភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការកម្លាំងបានចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ ម៉ូតូកែច្នៃសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការ បានបញ្ជាក់ថា មុនពេលបង្រា្កបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលពត៌មានពីប្រជាពលរដ្ឋថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចវាលស្រែខាងលើ។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះដល់ចំណុចកើតហេតុក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ព្រមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនយកមកប្រើប្រាស់ពិតប្រាកដមែន ៕