ចិនថាពិបាកចូលរួមកិច្ចប្រជុំ ស្តីពីសន្តិភាពអ៊ុយក្រែន ប្រសិនបើគ្មានវត្តមានរុស្ស៉ី
ប៉េកាំង៖ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានលើកឡើងថា វានឹងជារឿងលំបាកមួយដើម្បីឱ្យខ្លួនចូលរួម សន្នីសីទស្តីពីសង្រ្គាមនៅអ៊ុយក្រែន ដែលគ្រោងធ្វើឡើងក្នុងប្រទេសស្វីស នាខែក្រោយនេះ ប្រសិនបើរុស្ស៉ីមិនមានវត្តមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។
អ៊ុយក្រែនកំពុងព្យាយាមអំពាវនាវ ឱ្យមានការចូលរួមផុសផុល ក្នុងកិច្ចប្រជុំសន្តិភាពនៅស្វីស ដែលគ្រោងធ្វើឡើងនាខែមិថុនាខាងមុខ ខណៈទីក្រុងកៀវសង្ឃឹមថា នឹងអាចទទួលបានការគាំទ្រទូលំទូលាយពីអន្តរជាតិ សម្រាប់ចក្ខុវិស័យរបស់ខ្លួនជុំវិញលក្ខខណ្ឌ ដែលចាំបាច់ដើម្បីឆ្ពោះទៅរកទីបញ្ចប់ នៃសង្រ្គាមឈ្លានពាន របស់រុស្ស៉ី។ ស្របពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យចិនចូលរួម ទីក្រុងប៉េកាំងនាថ្ងៃសុក្រនេះ បាននៅតែនិយាយថា កិច្ចប្រជុំសន្តិភាពណាមួយក៏ដោយ នឹងចាំបាច់ត្រូវមានការចូលរួមពីរុស្ស៉ី។ រុស្ស៉ីមិនត្រូវបានគេអញ្ជើញឱ្យចូលរួម សន្និសីទនៅប្រទេសស្វីស នោះទេ។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងដូច្នេះថា «ទីក្រុងប៉េកាំងជឿជាក់ថា សន្និសីទនេះគួរតែមានការទទួលស្គាល់ ពីរុស្ស៉ីនិងអ៊ុយក្រែន ហើយមានការចូលរួមស្មើភាពគ្នាពីគ្រប់ភាគីទាំងអស់ រួមជាមួយការពិភាក្សាដោយយុត្តិធម៌ ទៅលើផែនការសន្តិភាពនានា។ បើពុំដូច្នោះទេ វានឹងពិបាកឱ្យសន្និសីទនេះ អាចដើរតួនាទីរឹងមាំជាក់លាក់មួយ ក្នុងកិច្ចប្រឹងប្រែងស្តារសន្តិភាព។ សម្រាប់ការរៀបចំនៃសន្និសីទសន្តិភាពនេះ គឺមិនទាន់សមស្របតាមការទាមទាររបស់ចិន ក៏ដូចជាការរំពឹងទុករបស់សហគមន៍អន្តរជាតិនៅឡើយ ដូច្នេះហើយ វាពិបាកសម្រាប់ឱ្យចិនចូលរួម»។ ទីក្រុងមូស្គូក៏បានរិះគន់ផងដែរ ចំពោះគម្រោងរៀបចំកិច្ចប្រជុំសន្តិភាពនៅស្វីស ដែលមិនមានវត្តមានខ្លួន។
គួរបញ្ជាក់ថា អំឡុងជំនួបជាមួយប្រមុខការពារជាតិអាមេរិក នៅឯប្រទេសសិង្ហបុរីនាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បានប្រាប់សមភាគីរបស់ខ្លួនថា ទីក្រុងប៉េកាំងនៅតែប្រកាន់ខ្ជាប់នូវ គោលជំហរសត្យានុម័តដោយមិនលម្អៀងទៅខាងណាឡើយ ជុំវិញវិបត្តិសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ហើយមិនបានផ្តល់អាវុធឱ្យទៅភាគីណាមួយ នៃជម្លោះនេះនោះទេ៕