ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
បន្ទាប់ពីបានស្ដាប់សេចក្ដីរាយការណ៍របស់ លោក ប៉ុក ឆុន ប្រធានក្រុមប្រឹក្សាស្រុកកំចាយមារដែលបានឡើងជម្រាបជូនពីស្ថានភាពទូទៅនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំចាយមាររួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា តាងនាមឱ្យតំណាងរាស្ត្រទាំង១០រូប មកពីមណ្ឌលខេត្តព្រៃវែង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឡែកប្រជាជនខេត្តព្រៃវែង ពិសេសប្រជាជននៅក្នុងស្រុកកំចាយមារនេះ ដែលរយៈកាលកន្លងមក នៅក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ លោកឪពុក អ្នកម្តាយ បងប្អូនជនរួមជាតិ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យប្លូកទឹកប្លូកដីទូទាំងប្រទេសបាន១២០ លើ១២៥ អសនៈ ដោយឡែកមណ្ឌលខេត្តព្រៃវែងទទួលបាន១០អាសនៈ លើ១១អាសនៈ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកបំផុត ព្រមទាំងការគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨កន្លងទៅថ្មីៗ ពីថ្នាក់ដឹកនាំកំពូលៗរបស់ស្ថាប័នជាតិ ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ពិសេសប្រជាជនស្រុកកំចាយមារទាំងអស់ សូមទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខ អាយុយឺនយូរ និងសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីប្រែក្លាយទៅជាប្រការដទៃឡើយ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានជម្រាបជូនអង្គពិធី អំពីបច្ចុប្បន្នភាព នៃស្ថានការណ៍នយោបាយសង្គម-សេដ្ឋកិច្ច ព្រមទាំងស្ថានភាពទូទៅមួយចំនួនទៀត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ជម្រាបជូនអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ អំពីតួនាទីភារកិច្ចសំខាន់ៗដែលរដ្ឋសភាត្រូវបំពេញ មានដូចជា ការងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ មុខងារភាពជាតំណាងប្រជាពលរដ្ឋ និងការពង្រឹងពង្រីកវិស័យការទូតសភាជាមួយបណ្ដាប្រទេសជាមិត្តជិតឆ្ងាយទូទាំងពិភពលោក និង រដ្ឋសភាក្នុងអាណត្តិទី៧នេះ គឺដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវតំណែងដ៏ឧត្តុង្គឧត្តមនេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានមានប្រសាសន៍លើកឡើងពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាសព្វថ្ងៃ គឺដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ហើយក៏បានឆ្លុះបញ្ចាំង ពីការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ៕