សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ធ្វើយុទ្ធនាការក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់ត្របែក
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤ សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម បានធ្វើយុទ្ធនាការក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់ត្របែក។
យុទ្ធនាការបរិស្ថាននេះ គឺផ្សព្វផ្សាយអំពីវិធីសាស្រ្តកាត់បន្ថយការប្រើប្រាស់ និងផលប៉ះពាល់នៃប្លាស្ទិក ព្រមទាំងបានសម្អាតបរិស្ថាន និងរើសសំរាមក្នុងសាលា ដែលមានការចូលរួមពីលោកគ្រូអ្នកគ្រូ ១០០នាក់ និងសិស្សានុសិស្ស ១៩១១នាក់ ស្ថិតនៅ ភូមិដូនទង់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចេញពាក្យស្លោកមួយទៀតហើយ គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាពាក្យស្លោកថ្មីនៃយុទ្ធនាការបន្ត និងដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ »។
ពាក្យស្លោកដែលរំលេចចេញថ្មីមកនេះ គឺជាការជំរុញយុទ្ធនាការនេះឱ្យទទួលបានជោគជ័យមួយកម្រិតថែមទៀត ក្នុងការលើកកម្ពស់អនាម័យ ស្អាតស្អំខាងបរិស្ថាន បង្កើតសោភណភាព និងដើម្បីឱ្យកម្ពុជាអច្ឆរិយៈ ស្អាតស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលុបបំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី៕