ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោង ជួសជុលទំនប់ អាងទឹកសួង ៧៨ ក្នុងភូមិសាស្រ្តខេត្តសៀមរាប
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និងឧតុនិយម អមដំណើរ ដោយឯកឧត្តម ថ្នាក់នាំ មន្ត្រីបច្ចេកទេស ក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាព ការងារជួសជុល ទំនប់ អាងទឹកសួង ៧៨ ស្ថិត នៅឃុំ អន្លង់សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប។
សូមជម្រាបថា ទំនប់អាងទឹកសួង៧៨ បាន ជួបស្ថានភាព ទឹកជំនន់រដូវវស្សា ហូរ ច្រោះ ដាច់តួទំនប់ស្ទើរតែទាំងស្រុង មិនអាច បម្រើ ការ ស្រោចស្រព ផ្ទៃដីកសិកម្ម ដែលមាន ស្រាប់បង្កឱ្យមានការខ្វះទឹកសម្រាប់ ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងតំបន់។
បើតាមរបាយការណ៍របស់នាយកដ្ឋានវិស្វកម្ម នៅក្នុង ឆ្នាំ ២០២៤ នេះ នាយកដ្ឋានវិស្វ កម្ម នៃក្រសួងធនធានទឹក និង ឧតុនិយម បាន អនុវត្តគម្រោង ជួសជុល ទំបន់ អាងទឹកសួង៧៨ ឡើងវិញដែលក្នុងនោះ មាន៖ ១)ជួសជុលទំនប់ ប្រវែង ៤២០០ម៉ែត្រ និង ២) សំណង់សិល្បការ្យ ចំនួន៨ កន្លែង ។ ការងារជួសជុលបានចាប់ផ្តើម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥៨% ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និង ថ្លែងនូវការកោតសរសើរដល់ ថ្នាក់ដឹកនាំនិងក្រុមការងារនៃនាយកដ្ឋានវិស្វកម្ម ដែលបានយកចិត្តទុកដាក់ជួសជុល ទំនប់ អាងទឹកសួង ៧៨ ដើម្បី អាចដំណើរការ ស្រោចស្រពឡើងវិញ បានតាមតម្រូវការលើផ្ទៃដី បង្កបង្កើនផលដែលមានស្រាប់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំ ដល់ក្រុមការងារសាងសង់ សូមបន្តយកចិត្តទុកដាក់លើគុណភាព និង បទដ្ឋាន បច្ចេកទេស ព្រមទាំងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ក្នុងការគ្រប់គ្រង និងការថែទាំទំនប់អាងទឹក ក៏ដូចជា ប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ និង ការប្រើប្រាស់ប្រចាំថ្ងៃ។
សូមបញ្ជាក់ថា ទំនប់អាងទឹកសួង៧៨ កសាងឡើងក្នុងសម័យប៉ុលពត មានតួនាទី ទទួលយកទឹកពី ផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និង ពីស្ទឹងជីក្រែង មកធ្វើការស្រោចស្រព លើផ្ទៃដី បង្កបង្កើផលកសិកម្ម និង ការប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋប្រមាណ ១១៩០ គ្រួសារ ក្នុងភូមិចំនួន ៦ នៃ ស្រុកជីក្រែង ខេត្តសៀមរាប៕