រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ ដឹកនាំប្រតិភូ អញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនា និងគុណភាពផ្លូវជនបទចំនួន ៣ខ្សែ នៅក្នុងភូមិសាស្ដ្រខេត្តសៀមរាប
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនា និងគុណភាពផ្លូវជនបទចំនួន ៣ខ្សែ នៅក្នុងភូមិសាស្ដ្រខេត្តសៀមរាប។
នាឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប, លោកអភិបាលនៃគណៈអភិបាលស្រុកពួក,លោកអភិបាលនៃគណៈអភិបាលស្រុកអង្គជុំ, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។
-ខ្សែទី១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១៣ ៤១៨ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមសងខាងម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ២កន្លែង, លូមូលមុខ១ ចំនួន ១៦កន្លែង និងលូមូលមុខ២ ចំនួន ១១កន្លែង តភ្ជាប់ពីចំណុចក្លោងទ្វារវត្តប្រាសាទ ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ទៅដល់ភូមិឈូក ឃុំត្រីញរ ស្រុកពួក។ ផ្លូវនេះមានរយៈពេលសាងសង់ចំនួន ១៨ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ២០,៨៩%។
-ខ្សែទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១០ ៦៤៥ម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូពីរជាន់ប្រវែង ៧ម៉ែត្រ ចិញ្ចើមសងខាងម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ៤កន្លែង, លូមូលមុខ១ ចំនួន ៧កន្លែង និងលូមូលមុខ២ ចំនួន ១៣កន្លែង តភ្ជាប់ពីភូមិម្កាក់ ឃុំតាសោម ទៅដល់ភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ។ ផ្លូវនេះ មានរយៈពេលសាងសង់ចំនួន ១៨ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ០៨,០៣%។
ខ្សែផ្លូវទាំងពីរខ្សែនេះ ស្ថិតក្នុងក្របខណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)។
សូមបញ្ជាក់ថា៖ កម្មវិធី RID4CAM គឺជាកម្មវិធីក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)ដែល នឹងត្រូវស្ថាបនាផ្លូវ DBST និងផ្លូវបេតុង សរុបប្រវែង ៤១៩,៩០គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅ ចំនួន៥ រួមមាន៖ ខេត្តព្រះវិហារ, សៀមរាប, បាត់ដំបង, កំពង់ធំ និងខេត្តកណ្តាល ដោយមានរយៈពេលអនុវត្ត ៥ឆ្នាំ (ឆ្នាំ២០២២-ឆ្នាំ២០២៦)។ ដោយឡែកសម្រាប់ខេត្តសៀមរាប កម្មវិធី RID4CAM នឹងស្ថាបនាផ្លូវ DBST ចំនួន ៩ខ្សែ សរុបប្រវែង ១២៦,៨០គីឡូម៉ែត្រ។
-ខ្សែទី៣ គម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) មានប្រវែងសរុប ១៦ ២០០ម៉ែត្រ ក្នុងនោះ ផ្លូវក្រាលបេតុង ប្រវែង ១ ៣១៣ម៉ែត្រ ទទឹង ៧ម៉ែត្រ និងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤ ៨៨៧ម៉ែត្រ ទទឹង ៦,៥ម៉ែត្រ ចិញ្ចើមសងខាងម្ខាងៗ ០,២៥ម៉ែត្រ និងសំណង់លូប្រអប់ចំនួន ៣កន្លែង លូមូលមុខ១ ចំនួន ៦កន្លែង លូមូលមុខ២ ចំនួន ១១កន្លែង និងស្លាកសញ្ញាចរាចរណ៍ចំនួន ១៣៥ស្លាក។ ផ្លូវនេះតភ្ជាប់ពីភូមិគោកក្នាំង ទៅភូមិគល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ដែលបានចាប់ផ្តើមសាងសង់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ រហូតដល់ពេលនេះសម្រេចបាន ៨២,៨៣% ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងឱកាសពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង ៣ខ្សែ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។
នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបរុនតាឯក និងពាក់ស្នែង។
សូមបញ្ជាក់ថា៖ នៅតំបន់អភិវឌ្ឍន៍ក្រុងរណបរុនតាឯក ត្រូវបានស្ថាបនាផ្លូវក្រាលបេតុងចំនួន ៥៦ខ្សែ សរុបប្រវែង ៥៣,១៨គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៩៩% និងការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ២៣៣ខ្សែ សរុបប្រវែង ១០៨,៥៣១គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ១០,៣១%។ នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ត្រូវបានស្ថាបនាផ្លូវមេក្រាលបេតុងចំនួន ៨៣ខ្សែ សរុបប្រវែង ៩៩,៧៧គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៤៨% និងការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ២៨៤ខ្សែ សរុបប្រវែង ១៩១,៦១គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ០,១៦% ៕