ប្រធានាធិបតីអ៊ុយក្រែន នឹងធ្វើទស្សនកិច្ចនៅសិង្ហបុរី ដើម្បីថ្លែងសុន្ទរកថាទៅកាន់វេទិកាសន្តិសុខ
សិង្ហបុរី៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសសិង្ហបុរី ដើម្បីថ្លែងសុន្ទរកមួយទៅកាន់វេទិកាសន្តិសុខ Shangri-La Dialogue ខណៈលោកកំពុងព្យាយាមស្វែងរកការគាំទ្រសម្រាប់ទីក្រុងកៀវ ក្នុងពេលដែលការវាយលុករបស់រុស្ស៉ីកំពុងរីកចម្រើនទៅមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤។
ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) ដែល ជាអ្នករៀបចំវេទិកា Shangri-La Dialogue ដោយបញ្ជាក់ថាលោក ហ្សេលេនស្គី នឹងថ្លែងសុន្ទរកថាដោយផ្ទាល់ទៅកាន់វេទិការសន្តិសុខនេះ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
ការប្រកាសពីវត្តមានចូលរួមរបស់លោក ហ្សេលេនស្គីនេះដែរ កើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តលុបចោលការរឹតត្បិតមួយផ្នែក ដោយ អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិកវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី។
លោក ពូទីន កាលពីថ្ងៃអង្គារកន្លងទៅ ក៏បានព្រមានដែរពីផលវិបាក ធ្ងន់ធ្ងរ ប្រសិនបើបណ្ដាប្រទេសលោកខាងលិចអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើបែបនេះ។ អ៊ុយក្រែនកំពុងជួបផលលំបាកក្នុងការវាយដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញ ហើយរុស្ស៉ីវិញ បានបើកសមរភូមិសាជាថ្មីនៅតំបន់ Kharkiv ជាទីដែលមូស្គូដណ្ដើមបានទឹកដីជាបន្តបន្ទាប់ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។