ក្រុមការងារក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋចំនួន១២៥គ្រួសារ ក្នុងឃុំចំនួន២ នៅស្រុកមោងឫស្សី
ភ្នំពេញ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងក្រុមការងារ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋចំនួន១២៥គ្រួសារ។
ប្រជាពលរដ្ឋដែលទទួលបានអំណោយនាឱកាសនោះ អញ្ជើញមកពីក្នុងឃុំព្រៃស្វាយ និងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អំណោយដែលបានផ្ដល់ជូន រួមមាន៖ អង្ករចំនួន១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវទឹកត្រី១យួរ ទឹកសុទ្ធ២យួរ និងកន្សែងពោះគោ១។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនពលរដ្ឋអំពីការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ នៃក្រុងបាត់ដំបង ដែលបានគាំទ្រការដឹកនាំរាជរដ្ឋាភិបាល និងចូលរួមថែរក្សាការពារសុខសន្តិភាព។
ឯកឧត្តម ខាន់ ម៉ាណេរ ក៏បានបានជម្រាបជូនប្រជាពលរដ្ឋដោយសង្ខេបពីការបន្តអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល និងជម្រាបជូនពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រយោជន៍ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិយើង ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋរួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ អ្នកប្រើប្រើប្រាស់ទោចក្រយានត្រូវចេះការពារអាយុជីវិតដោយប្រុងប្រយត្ន័ក្នុងការប្រើប្រាស់ផ្លូវ ។
បន្ថែមលើនេះ ក្នុងនាមសម្តេចក្រឡាហោម អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ក៏បានផ្តាំផ្ញើនូវពាក្យពេចន៍អំពាវនាវប្រជាពលរដ្ឋខិតខំបង្កបង្កើនផល ដើម្បីបង្កើនជីវភាពគ្រួសារ និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពឈ្លាសវ័យ ស្វាហាប់ មានទាំងគុណធម៌ និងសីលធម៌៕